ប្រទេសអ៊ីរ៉ង់ បានប្រកាសពីការហាមឃាត់រយៈពេល ៤ ខែ លើការជីករករូបិយប័ណ្ណឌីជីថល ឬ mining of cryptocurrency ដូចជា Bitcoin ជាដើម បន្ទាប់ពីទីក្រុងជាច្រើនបានដាច់ភ្លើង ដោយមិនមានការគ្រោងទុក។
លោកប្រធានាធិបតី Hassan Rouhani បានប្រាប់គណៈរដ្ឋមន្រ្តីថា មូលហេតុចម្បងនៃការដាច់ចរន្តអគ្គិសនីនោះ គឺជាគ្រោះរាំងស្ងួតមួយ ដែលបានជះឥទ្ធិពលដល់ការផលិតថាមពលវារីអគ្គិសនី។ ប៉ុន្តែលោក Hassan បាននិយាយថា ការជីកយករ៉ែ Cryptocurrency ដែល ៨៥ ភាគរយមិនមានអាជ្ញាប័ណ្ណនោះ គឺកំពុងបូមថាមពលភ្លើងច្រើនជាង ២ជីហ្គាវ៉ាត់ក្នុងមួយថ្ងៃ។
បើតាមការប៉ាន់ស្មាន បានបង្ហាញឲ្យដឹងថា ៤,៥% នៃការជីកយករ៉ែ Bitcoin ទាំងអស់ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។
យោងតាមក្រុមហ៊ុនវិភាគ Elliptic បានឲ្យដឹងថា សកម្មភាពជីកយករ៉ែ Cryptocurrency នេះ អនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់ឆ្លងផុតពីការដាក់ទណ្ឌកម្ម និងរកប្រាក់ចំណូលរាប់រយលានដុល្លារ ជាទ្រព្យសម្បត្តិ crypto-assets ដែលអាចត្រូវបានប្រើដើម្បីទិញផលិតផលនាំចូលបាន៕