តួលេខចុងក្រោយបង្អស់ចេញពីឧស្សាហកម្មយានយន្ត បានបង្ហាញថា ចំនួនរថយន្តថ្មីដែលបានផលិតនៅក្នុងចក្រភពអង់គ្លេស កាលពីឆ្នាំមុន បានធ្លាក់ចុះមួយភាគបី មកនៅក្រោម ៩២១ ០០០ គ្រឿង ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៤។
ចំនួនផលិតសរុបនោះគឺ ៩២០ ៩២៨ គ្រឿង ដែលជាការធ្លាក់ចុះ ២៩,៣% នៅឆ្នាំ ២០១៩ ដែលជាឆ្នាំដ៏អាក្រក់បំផុតមួយ។
ប្រធានផ្នែកអ្នកផលិត និងជួញដូរ Society of Motor Manufacturers and Traders លោក Mike Hawes បាននិយាយថា ការបង្ខំឲ្យបិទរោងចក្រដោយសារតែបញ្ហាកូវីដ១៩ និង តម្រូវការអតិថិជនធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការផលិត។
ទោះជាយ៉ាងណាក៏ដោយ លោក Mike បាននិយាយថា ការបញ្ចេញវ៉ាក់សាំង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប បានជំរុញឲ្យមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២១។
គួរឲ្យដឹងថា ផលិតកម្មរថយន្តសម្រាប់ចក្រភពអង់គ្លេស និងទីផ្សារនាំចេញបានធ្លាក់ចុះ ៣០,៤ ភាគរយ និង ២៩,១ ភាគរយ កាលពីឆ្នាំមុន។ សហភាពអឺរ៉ុបនៅតែជាទិសដៅនាំចេញធំបំផុតរបស់ចក្រភពអង់គ្លេស ដោយទទួលបានចំណែក ៥៣,៥ ភាគរយ ទោះបីបរិមាណធ្លាក់ចុះ ៣០,៨% ស្មើនឹង ៤០០ ៤៦០ គ្រឿងក៏ដោយ៕