ប្រទេសវៀតណាមបាននាំចូលរថយន្តចំនួន ៦ ៦៣៣ គ្រឿង ដែលផលិតរួចទាំងស្រុងពីប្រទេសចិន ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២១ ពោលគឺកើនឡើង ៤៨០ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកនៅក្នុងឧស្សាហកម្មយានយន្ត បានពន្យល់ពីការកើនឡើងនូវប្រជាប្រិយភាពនៃរថយន្តដែលនាំចូលពីប្រទេសចិនថា ដោយសារតែវាមានការឌីហ្សាញស្អាត និងលក្ខណៈទំនើប។
ទោះបីជាមានការកើនឡើងយ៉ាងណាក៏ដោយ ប្រទេសចិននៅតែជាអ្នកផ្គត់ផ្គង់រថយន្តធំជាងគេលំដាប់ទី ៣ សម្រាប់វៀតណាម ក្នុងរយៈពេល ៤ ខែដំបូង បន្ទាប់ពីថៃ និងឥណ្ឌូនេស៊ី។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឲ្យដឹងថា ការនាំចូលរថយន្តពីប្រទេសថៃ ឈរនៅលំដាប់លេខ១ ដោយមានចំនួន ២៥ ៧៣២ គ្រឿង ដែលកើនឡើង ៧៤ ភាគរយនាំ។ បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ី មានចំនួន ១៣ ៨៧៣ គ្រឿង កើនឡើង ៤,៧ ភាគរយ។ ប្រទេសទាំងពីរមានចំនួន ៧៩ ភាគរយ នៃការនាំចូលរថយន្តដែលផលិតរួចទាំងស្រុង សម្រាប់ប្រទេសវៀតណាម កាលពីខែមេសា។
សូមបញ្ជាក់ថា ប្រទេសថៃ និងឥណ្ឌូនេស៊ី បាននាំមុខគេក្នុងបញ្ជីអ្នកផ្គត់ផ្គង់រថយន្តរបស់វៀតណាម ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ចូលជាធរមាន ក្នុងឆ្នាំ ២០១៨ ដោយសារតែមិនមានជាប់ពន្ធនាំចូលឡើយ៕