ក្រុមហ៊ុនផលិតឡានវៀតណាម THACO ដែលគ្រប់គ្រងដោយមហាសេដ្ឋី Tran Ba Duong បានបញ្ចប់ការចរចា និងទិញយកភាគហ៊ុន ១០០ ភាគរយ នៅក្នុងក្រុមហ៊ុន E-mart Vietnam Co តែម្តង។
ក្រុមហ៊ុនលក់រាយដ៏ធំរបស់កូរ៉េខាងត្បូង E-mart ដែលគ្រប់គ្រងដោយក្រុមហ៊ុន Shinsegae Group នេះ នឹងបញ្ឈប់ប្រតិបត្តិការសាខារបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ក្រោមកិច្ចព្រមព្រៀងទិញនោះ ក្រុមហ៊ុន THACO នឹងប្រតិបត្តិការខ្សែសង្វាក់នេះ ក្នុងនាមជាសិទ្ធិផ្តាច់មុខ និងបង់សួយសារអាករដល់ E-mart វិញ។
គួរឲ្យដឹងថា កូរ៉េខាងត្បូង បានបង្កើតក្រុមហ៊ុន E-mart Vietnam Co. នៅឆ្នាំ ២០១៤ បន្ទាប់ពីធ្វើការស្រាវជ្រាវទីផ្សារក្នុងប្រទេស អស់រយៈពេល ៣ ឆ្នាំ។
យ៉ាងណាមិញ គណៈគ្រប់គ្រងក្រុមហ៊ុន E-mart Vietnam បាននិយាយថា ៩៥ ភាគរយនៃផលិតផលដែលខ្លួនបានលក់គឺជាផលិតផលក្នុងស្រុក។ ក្រុមហ៊ុន THACO ក៏បានប្រកាសពីផែនការបើកផ្សារទំនើបចំនួន ១០ កន្លែងទៀត នៅប្រទេសវៀតណាម នៅត្រឹមឆ្នាំ ២០២៥៕