ក្រុមហ៊ុន Warner Music Group (WMG) ដែលមានតារាចម្រៀងល្បីៗ ដូចជា Ed Sheeran និង Bruno Mars ជាដើម បានប៉ាន់ប្រមាណថា តម្លៃខ្លួនរបស់វាអាចឡើងរហូតដល់ ១៣,២ ពាន់លានដុល្លារ ស្របពេលដែលវាត្រៀមចុះបញ្ជីភាគហ៊ុនរបស់ខ្លួន នៅលើផ្សារហ៊ុន Nasdaq ។
តម្លៃខ្លួននេះគឺច្រើនជាង ៤ដង នៅពេលដែលលោក Leonard Blavatnik បានទិញវាយក ក្នុងឆ្នាំ ២០១១ ដែលជាក្រុមហ៊ុនកម្សាន្តធំបំផុតលំដាប់ទី៣ របស់ពិភពលោក។ កាលពីពេលនោះ ឧស្សាហកម្មតន្រ្តីគឺស្ថិតនៅក្នុងជម្រៅនៃការធ្លាក់ចុះច្រើនឆ្នាំ ប៉ុន្តែការលក់បានប្រសើរឡើងវិញនាពេលថ្មីៗនេះ។
យ៉ាងណាមិញ ក្រុមហ៊ុន Warner Music Group បាននិយាយថា ខ្លួនសង្ឃឹមថានឹងអាចរៃប្រាក់បានចំនួន ១,៨ពាន់លានដុល្លារ តាមរយៈការចុះបញ្ជីនេះ។
សូមបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុននេះតំណាងឲ្យអ្នកនិពន្ធជាង ៨០ ០០០ នាក់ ហើយបានរាយការណ៍ពីប្រាក់ចំណេញសរុប ២៥៦ លានដុល្លារ នៅក្នុងឆ្នាំហិរញ្ញវត្ថុថ្មីបំផុតរបស់ខ្លួន លើប្រាក់ចំណូលសរុប ៤,៥ ពាន់លានដុល្លារ៕