Bitcoin បានបន្តធ្លាក់ថៃ្លទាបជាង ៤ម៉ឺនដុល្លារ ជាលើកដំបូងក្នុងរយៈពេលជាង ៣ខែ កាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសចិនបាននិយាយថា Cryptocurrencies ឬ រូបិយប័ណ្ឌឌីជីថល នឹងមិនត្រូវបានអនុញ្ញាតិឲ្យធ្វើប្រតិបត្តិការទេ ហើយបានព្រមានវិនិយោគិន ប្រឆាំងនឹងការជួញដូរទៀតផង។
ការព្រមានខាងលើបានធ្វើឲ្យរូបិយប័ណ្ឌឌីជីថលនេះ ធ្លាក់តម្លៃខ្លួនជាង ១០% ហើយវាក៏ជាការធ្លាក់ចុះថ្មីមួយទៀតផងដែរ បន្ទាប់ពីទទួលបានការវាយប្រហារពី លោក Elon Musk និងក្រុមហ៊ុន Tesla។
គួរឲ្យដឹងដែរថា ការជួញដូររូបិយប័ណ្ណឌីជីថល ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េស ដើម្បីការពារការលាងលុយកខ្វក់ ខណៈមេដឹកនាំព្យាយាមបញ្ឈប់ប្រជាជនពីការនាំលុយទៅបរទេស។
គួររំលឹកឲ្យដឹងដែរថា កាលពីពេលថ្មីៗនេះ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រាប់និយាយថា លោកនឹងមិនអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន ទូទាត់លុយទិញរថយន្តជាមួយ Bitcoin ទៀតនោះទេ ដោយលើកឡើងថា ការប្រើប្រាស់អគ្គិសនីដ៏ច្រើនដើម្បីរុករក Bitcoin ឬ រូបិយប័ណ្ណឌីជីថលផ្សេងទៀត គឺប៉ះពាល់ដល់បរិស្ថាន៕