ក្រុមហ៊ុន Tata Motors របស់ឥណ្ឌា បានប្រកាសពីការខាតបង់ប្រចាំត្រីមាស ដែលមានទំហំទឹកប្រាក់ជាង ១ ពាន់លានដុល្លារ។
វាបានកើតឡើងនៅពេលដែលក្រុមហ៊ុនឥណ្ឌាខាងលើ បានបិទបញ្ជីលុយ ២,១ពាន់លានដុល្លារ ដែលទាក់ទងទៅនឹងការកែសម្រួលអាជីវកម្មរថយន្តប្រណីតរបស់ខ្លួននៅចក្រភពអង់គ្លេស គឺ Jaguar Land Rover។ វាក៏បានព្រមានផងដែរថាកង្វះខាតបន្ទះឈីបអេឡិចត្រូនិកសកល កំពុងជះឥទ្ធិពលដល់ផែនការផលិតកម្មសម្រាប់ត្រីមាសបច្ចុប្បន្ន។
គួរឲ្យដឹងថា កាលពីខែមុន ក្រុមហ៊ុន Jaguar Land Rover បានផ្អាកផលិតកម្មជាបណ្តោះអាសន្ន នៅរោងចក្រធំៗចំនួនពីររបស់ខ្លួន នៅចក្រភពអង់គ្លេស ដោយសារតែកង្វះខាតបន្ទះឈីប។
សម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ក្រុមហ៊ុន Tata Motors បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ១,០៤ ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងការរំពឹងទុករបស់អ្នកវិភាគថា នឹងទទួលបានប្រាក់ចំណេញ ៣៦៥,៤ លានដុល្លារ៕