មេក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក IBM បាននិយាយថា កង្វះបន្ទះឈីបកុំព្យួទ័រ អាចអូសបន្លាយពេលដល់រយៈពេលពីរឆ្នាំទៀត។
មេក្រុមហ៊ុនខាងលើ គឺលោក Jim Whitehurst បានប្រាប់ BBC ថា “វាអាចអូសបន្លាយពីរបីឆ្នាំទៀត” មុនពេលដែលស្ថានភាពបានប្រសើរឡើង។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនជាច្រើនបានមើលឃើញផលិតកម្មមានការយឺតយ៉ាវ ដោយសារតែកង្វះបន្ទះឈីបឧបករណ៍អេឡិចត្រូនិក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។
ជាមួយគ្នានេះដែរ កង្វះខាតនេះទៀតសោធត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ដោយសារតែការកើនឡើងតម្រូវការទូរទស្សន៍ ទូរសព្ទ និងឧបករណ៍លេងហ្គេម ខណៈអតិថិជនកំពុងជាប់គាំងនៅក្នុងផ្ទះ៕