នាថ្ងៃពុធកន្លងទៅនេះ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងមិនអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន ទូទាត់លុយទិញរថយន្តជាមួយ Bitcoin ទៀតនោះទេ ដោយលើកឡើងថា ការប្រើប្រាស់អគ្គិសនីដ៏ច្រើនដើម្បីរុករក Bitcoin ឬ រូបិយប័ណ្ណឌីជីថលផ្សេងទៀត គឺប៉ះពាល់ដល់បរិស្ថាន។
នៅក្នុងសារដែលបានបង្ហោះទៅលើបណ្តាញសង្គម Twitter កាលពីល្ងាចថ្ងៃពុធ លោក Elon Musk បាននិយាយថាក្រុមហ៊ុន Tesla មានការព្រួយបារម្ភអំពី ការកើនឡើងនៃប្រើប្រាស់ឥន្ធនៈផូស៊ីលយ៉ាងច្រើន សម្រាប់ការធ្វើអាជីវកម្ម និងប្រតិបត្តិការរុករក Bitcoin ជាពិសេសធ្យូងថ្ម។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់ Bitcoin ឡើងវិញ នៅពេលការផ្លាស់ប្តូររ៉ែ ទៅជាថាមពលប្រកបដោយនិរន្តរភាពជាងមុន ហើយវានឹងរកមើលរូបិយប័ណ្ណផ្សេងទៀត ដែលប្រើថាមពលក្នុងការរុករកតិច ក្នុងពេលនេះ។
គួរឲ្យដឹងដែរថា តម្លៃរបស់ Bitcoin បានធ្លាក់ចុះប្រហែល ៥% ភ្លាមៗ បន្ទាប់ពីការប្រកាសរបស់លោក Elon Musk៕