រយៈពេលជាង ៦ខែបន្ទាប់ពីយន្តហោះ 737 Max របស់ក្រុមហ៊ុន Boeing ត្រូវបានអនុញ្ញាតឲ្យហោះហើរម្តងទៀតដោយនិយតករអាមេរិក ឥឡូវយន្តហោះនេះត្រូវបានគេត្រួតពិនិត្យយ៉ាងខ្លាំងម្តងទៀត។
ការរកឃើញបញ្ហាលើប្រព័ន្ធភ្លើងកាលពីខែមុន បាននាំឲ្យមានការចាប់ផ្តើមជាថ្មីនៃការហាមឃាត់ហោះហើរ របស់យន្តហោះ 737 Max ជាង ១០០ គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៤ នៅជុំវិញពិភពលោក។
ជាមួយគ្នានេះ ការដឹកជញ្ជូនយន្តហោះ 737 Max ថ្មីជាច្រើនទៀតក៏ត្រូវបានផ្អាកផងដែរ។ ក្រុមហ៊ុន Boeing និងនិយតករអាមេរិក ព្រមទាំងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និយាយថា ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហានេះ។
យោងតាមក្រុមហ៊ុន Boeing និង រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានឲ្យដឹងថា បញ្ហានេះបានលេចចេញជាដំបូងក្នុងពេលធ្វើតេស្តម៉ាស៊ីនយន្តហោះ 737 Max 8 ដែលទើបផលិតថ្មី និងមិនទាន់ត្រូវបានប្រគល់ជូនម្ចាស់វានៅឡើយ។ គេបានរកឃើញថា ប្រព័ន្ធភ្លើងនៅលើយន្ដហោះ មិនដំណើរការត្រឹមត្រូវនោះទេ៕