ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ BioNTech បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងសាងសង់ទីស្នាក់ការកណ្តាល និងទីតាំងផលិត នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងប្រទេសសិង្ហបូរី ដើម្បីផលិតវ៉ាក់សាំងរាប់រយលានដូសក្នុងមួយឆ្នាំ។
ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាងសង់ការដ្ឋាននឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយវាអាចនឹងដំណើរការនៅឆ្នាំ ២០២៣ តែម្តង។
លោក Ugur Sahin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BioNTech មានប្រសាសន៍ថា “ជាមួយនឹងគម្រោងផលិត ដែលបានគ្រោងទុកនេះ យើងនឹងបង្កើនសមត្ថភាពបណ្តាញទាំងមូល និងពង្រីកសមត្ថភាពរបស់យើងក្នុងការផលិត និងចែកចាយវ៉ាក់សាំង mRNA និងការព្យាបាលដល់ប្រជាជននៅជុំវិញពិភពលោក”។
វ៉ាក់សាំងដែលផលិតដោយ ក្រុមហ៊ុន BioNTech រួមគ្នាជាមួយ Pfizer របស់សហរដ្ឋអាមេរិក បានក្លាយជាវ៉ាក់សាំងកូវីដ១៩ ដំបូងគេ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅភាគខាងលិច កាលពីចុងឆ្នាំមុន។
សូមបញ្ជាក់ថា ឥឡូវនេះវាត្រូវបានផ្គត់ផ្គង់ដល់ជាង ៩០ ប្រទេសនៅទូទាំងពិភពលោក ហើយរំពឹងថានឹងបង្កើនផលិតកម្មរបស់ខ្លួន ដល់ទៅ ៣ ពាន់លានដូសនៅដំណាច់ឆ្នាំ ពោលគឺកើនឡើងពីចំនួន ២,៥ ពាន់លានដូសដែលរំពឹងទុក៕