Grumpy Bagels ដែលជាហាង Bagel Café ដ៏ល្បីល្បាញនិងមានការពេញនិយមយ៉ាងខ្លាំងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ហាងនេះត្រូវបានបង្កើតឡើងដោយ Claire Tan ដែលធ្លាប់ជាអ្នកបម្រើការលើយន្តហោះ ឬ Flight Attendant នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Emirates។
ការផ្លាស់ប្តូរអាជីពរបស់ Claire Tan បានកើតឡើងនៅអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្តើមរីករាលដាលខ្លាំង។ ដោយសារជើងហោះហើរត្រូវបានកាត់បន្ថយ Claire ក៏បានចាប់ផ្តើមចំណាយពេលវេលាច្រើនទៅលើការដុតនំនៅផ្ទះ រួមទាំងបានចាប់ផ្តើមលក់តាមអនឡាញផងដែរ។ ក្រោយមកចំណង់ចំណូលចិត្តនេះក៏បានក្លាយទៅជាមុខរបរដ៏ពេញលេញមួយ។

នៅឆ្នាំ ២០២៤ ហាង Grumpy Bagels បានបើកទ្វារជាផ្លូវការដោយស្ថិតនៅក្នុងអគារចាស់មួយនៅក្នុងទីក្រុង Kuala Lumpur ដែលបានប្រើប្រាស់ប្រាក់សន្សំមកជួសជុលផ្ទះចាស់ទ្រុឌទ្រោម ទៅជាហាងកាហ្វេដែលមានបរិយាកាសទាក់ទាញ។

Bagels គឺជានំប្រចាំហាងដែល Claire Tan បានច្នៃចេញសម្រាប់អាហារពេលព្រឹក និងជានំផ្អែមផ្សេងៗ។ វិធីសាស្រ្តមួយដែលម្ចាស់ហាងមួយនេះបានប្រើប្រាស់គឺការចែករំលែកនូវបទពិសោធន៍ពិតៗ និងភាពតានតឹងក្នុងការចាប់ផ្តើមអាជីវកម្មរួមទាំងរឿងរ៉ាវជួសជុលហាងផងដែរ។ ចំណុចទាំងនេះ ធ្វើឲ្យហាង Grumpy Bagels ទទួលបានការចាប់អារម្មណ៍ពីអតិថិជនតាំងពីថ្ងៃទី១។

បច្ចុប្បន្ន Grumpy Bagels មិនត្រឹមតែជាហាងនំ និងកាហ្វេដ៏ល្បីនៅក្នុងស្រុកប៉ុណ្ណោះទេ តែបានក្លាយជាគោលដៅទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវបរទេសផងដែរ។ ថ្មីៗនេះ ហាងក៏គ្រោងនឹងបើកសាខាទីពីរ ដែលស្ថិតនៅក្នុងអគារចំណាស់មានអាយុ ១២០ឆ្នាំ ថែមទៀតផង។




