ប្រធានអង្គការ UNICEF លោកស្រី Henrietta Fore បានប្រាប់សារព័ត៌មាន CNBC ថា ខ្លួនមានការព្រួយបារម្ភខ្លាំងអំពីវិបត្តកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ន និងបានជំរុញឲ្យពិភពលោក បញ្ជូនជំនួយបន្ទាន់ទៅប្រទេសនេះ។
ថ្លែងក្នុងអំឡុងកម្មវិធី World Immunization Week លោកស្រី Fore ក៏បាននិយាយថា វាជាការប្រណាំងដើម្បីជួយសង្គ្រោះជីវិត តាមរយៈការចាក់វ៉ាក់សាំង ជាពិសេសនៅក្នុងប្រទេសក្រីក្រមួយចំនួននៅលើពិភពលោក ដែលមានប្រព័ន្ធសុខភាពផុយស្រួយ។
ជាមួយគ្នានេះ ប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងរលកទី២ នៃជំងឺដ៏សាហាវនេះ។ កាលពីថ្ងៃសៅរ៍ ករណីជំងឺឆ្លងកូវីត១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា បានឆ្លងដល់ ៤០ ម៉ឺននាក់ជាលើកដំបូង ខណៈករណីសរុបនៅក្នុងប្រទេសឥណ្ឌាឥឡូវនេះ បានកើនឡើងដល់ ១៩ លាននាក់ ហើយមនុស្សជាង ២១៥ ០០០ នាក់បានស្លាប់ទៀតផង។
លោកស្រី Fore បាននិយាយថា “វាគួរឲ្យព្រួយបារម្ភសម្រាប់ហេតុផលជាច្រើន។ ទីមួយ គឺអ្វីដែលអាចកើតឡើងមុនគេនៅក្នុងប្រទេសដទៃទៀត ជាពិសេសប្រទេសនៅទ្វីបអាហ្រ្វិក ដែលមានប្រព័ន្ធថែទាំសុខភាពខ្សោយជាង”។
លោកស្រី Fore បានបន្ថែមថា “វាគួរឲ្យព្រួយបារម្ភពីព្រោះប្រព័ន្ធថែរក្សាសុខភាពរបស់ពួកគេ ត្រូវបានគ្របដណ្ដប់ដោយអ្នកជំងឺកូវីដ១៩។ វាត្រូវការអុកស៊ីសែន និងការព្យាបាលដែលយើងមិនធ្លាប់បានឃើញពីមុនមក នៅក្នុងរោគរាតត្បាតនេះ ក្នុងប្រទេសដទៃផ្សេងទៀត នៅក្នុងកម្រិតដ៏ច្រើនបែបនេះ”៕