ក្រុមហ៊ុន Hyundai Motor America បានប្រកាសថា ការលក់របស់ខ្លួនបានកើនឡើងទ្វេដងកាលពីខែមេសា បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ ២០២០។ ការលក់សរុបរបស់ក្រុមហ៊ុននេះកាលពីខែមុន មានចំនួន ៧៧ ៥២៣គ្រឿង ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងមួយខែសម្រាប់ម៉ាកនេះ។
ការលក់រាយសម្រាប់រថយន្តគ្រប់ប្រភេទបានកើនឡើង ដោយប្រភេទរថយន្ត SUV កើនឡើង ១៣៧ ភាគរយ,រថយន្តដឹកអ្នកដំណើរគ្រួសារ កើនឡើង ១៦៣ ភាគរយ និងរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន កើនឡើង ៦៤០ ភាគរយ បើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ ២០២០។
ដោយឡែក រថយន្តដែលកើនចំនួនលក់ជាងគេ គឺម៉ូដែល Nexo ដែលការលក់កើនឡើង ៥០០% ទោះបីជាចំនួនសរុបស្មើនឹង ១៨ គ្រឿងក៏ដោយ ព្រោះថាកាលពីខែមេសា ឆ្នាំ២០២០ វាលក់ដាច់បានតែ ៣ គ្រឿងប៉ុណ្ណោះ។
ចំពោះរថយន្តដែលលក់ដាច់បំផុតរបស់ម៉ាក Hyundai វិញ គឺម៉ូដែល Tucson ក្នុងនោះមានចំនួន ១៦ ៩០១ គ្រឿងឯណោះ តាមពីក្រោយដោយ Elantra (១៤ ៣៥៨គ្រឿង) Santa Fe (១០ ៤៧០គ្រឿង) Kona (១០ ២៦៧គ្រឿង) Sonata (១០ ២១៦គ្រឿង) និង Palisade (៨ ២៧៨គ្រឿង)៕