កាលពីថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសស្រីលង្កាបានប្រកាសថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ ៣,៦ ភាគរយកាលពីឆ្នាំមុន ដោយសារតែជំងឺកូវីដ១៩ ដែលធ្វើឲ្យវាក្លាយជាការធ្លាក់ចុះដ៏អាក្រក់បំផុត ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩៤៨ មក។
ធនាគារកណ្តាលរបស់ស្រីលង្កា បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំ ២០២០ ថា “វាជាវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក បើប្រៀបធៀបជាមួយនឹងកំណើន GDP ២,៣ភាគរយ នៅក្នុងឆ្នាំ ២០១៩”។
ទោះជាយ៉ាងណា ប្រទេសមួយនេះសង្ឃឹមថា សេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២១ និងមានកំណើន ៦ ភាគរយ ដោយសារការកែលម្អផលិតកម្ម និងសេវាកម្មក្នុងស្រុក។
ធនាគារខាងលើបានបន្ថែមថា “ជំងឺរាតត្បាតបានផ្តល់ឱកាសដើម្បីកំណត់ការផ្តោតអារម្មណ៍របស់សេដ្ឋកិច្ចឡើងវិញ និងដើម្បីដោះស្រាយភាពទន់ខ្សោយនៃរចនាសម្ព័ន្ធ ដែលមានជាយូរមកហើយ និងបង្កើតឲ្យមានសេដ្ឋកិច្ចដែលពឹងផ្អែកលើផលិតកម្ម”៕