អ្នកជំនាញវៀតណាមបាននិយាយថា តម្រូវការដ៏ធំសម្រាប់ផលិតផលកសិកម្ម និងផលិតផលអេឡិចត្រូនិចក៏ដូចជាសក្តានុពលពាណិជ្ជកម្មអេឡិចត្រូនិចកំពុងតែកើនឡើង ផ្តល់ឲ្យអ្នកនាំចេញរបស់វៀតណាមនូវឱកាសកាន់តែច្រើន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
លោក Nguyen Huu Tien ប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មនៃទីក្រុងហូជីមិញ បានឲ្យដឹងថា សហរដ្ឋអាមេរិកគឺជាទីផ្សារមួយដែលមានសក្តានុពលខ្លាំងសម្រាប់ក្រុមហ៊ុនវៀតណាម ជាពិសេសនៅពេលដែលវៀតណាមអាចការពារ ការរីករាលដាលនៃជំងឺកូវីដ១៩។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសវៀតណាម ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២១ នេះ ដោយតម្លៃនៃការនាំចេញបានកើនឡើង ៥០ ភាគរយ ដល់ ៣០,៣ ពាន់លានដុល្លារ។ ប្រភេទនាំចេញកំពូលៗ រួមមាន ម៉ាស៊ីន និងឧបករណ៍វាយនភ័ណ្ឌ, សម្លៀកបំពាក់, កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិច។
គួរឲ្យដឹងដែរថា កាលពីឆ្នាំមុន ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី ៣ នៅអាស៊ី បន្ទាប់ពីចិន និងជប៉ុន៕