ក្រុមហ៊ុន Amazon បានរាយការណ៍ពីការកើនឡើងនៃការលក់ និងប្រាក់ចំណេញ កើនឡើងរហូតដល់ ៣ដង នៅដើមឆ្នាំ២០២១ នេះ។
ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរោគរាតត្បាតកូវីដ១៩ បានជួយបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ពោលគឺចាប់ពីការផ្សាយតាមវីដេអូ រហូតដល់ការចែកចាយគ្រឿងទេស។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនរំពឹងថាការរីកដុះដាលនឹងបន្តកើនឡើង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
អ្នកវិភាគម្នាក់បាននិយាយថា ជំងឺរាតត្បាតអាចបង្ហាញពីយុគសម័យមាស សម្រាប់ក្រុមហ៊ុន Amazon។
ក្រៅពីក្រុមហ៊ុន Amazon នៅមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនទៀត ដូចជា ក្រុមហ៊ុន Apple, Facebook, Microsoft និងក្រុមហ៊ុនមេរបស់ Google គឺ Alphabet ក៏បានរាយការណ៍ពីកំណើនការលក់ដ៏ច្រើនដែរ បន្ទាប់ពីមានរោគរាតត្បាតរីករាលដាលមក។
គួរឲ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Amazon បានកើនឡើងពី ៧៥ពាន់លានដុល្លារ ដល់ ១០៨.៥ពាន់លានដុល្លារ ក្នុងរយៈពេល ៣ ខែដំបូង បើប្រៀបធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញ គឺ ៨,១ពាន់លានដុល្លារ កើនឡើង ២,៥ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន៕