ក្រុមហ៊ុនវិភាគទីផ្សារ Canalys បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា ទឹកប្រាក់ខ្ពស់បំផុតដែលមានចំនួន ៤១,៨ ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់សេវាកម្ម Cloud Computing ក្នុងត្រីមាសចុងក្រោយនេះ ខណៈអាជីវកម្មជាច្រើនពឹងផ្អែកលើអ៊ីនធឺណិត ដើម្បីរស់រានក្នុងអំឡុងពេលមានរោគរាតត្បាត កូវីដ១៩។
ការចំណាយលើ “សេវាកម្មហេដ្ឋារចនាសម្ព័ន្ធ Cloud” នៅជុំវិញពិភពលោក បានកើនឡើងជិត ១១ ពាន់លានដុល្លារ ពីរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២១។ នេះបើយោងតាម Canalys។
លោក Blake Murray អ្នកវិភាគ និងស្រាវជ្រាវនៅ Canalys បាននិយាយថា “សេវាកម្ម Cloud បានក្លាយជាអ្នកឈ្នះនៅគ្រប់វិស័យទាំងអស់កាលពីឆ្នាំមុន ពោលគឺចាប់តាំងពីការចាប់ផ្តើមរាតត្បាតកូវីដ១៩ និងការអនុវត្តការបិទខ្ទប់មក។
“អង្គការពឹងផ្អែកលើសេវាកម្មឌីជីថល និងនៅលើអ៊ីនធឺណិត ដើម្បីរក្សាប្រតិបត្តិការ និងសម្របខ្លួនទៅនឹងស្ថានភាពដែលកំពុងកើតឡើង”។ នេះបើតាមការបន្ថែមរបស់លោក Blake។
លោក Blake បានបញ្ជាក់បន្ថែមថា ទោះបីជាការចំណាយលើ Cloud មានចំនួនធំក្នុងឆ្នាំកន្លងមកក៏ដោយ ក៏អាជីវកម្មភាគច្រើនមិនទាន់ធ្វើការផ្លាស់ប្តូរទៅជាឌីជីថលនៅឡើយទេ៕