CHANEL ដែលជាម៉ាកយីហោប្រណិតលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដោយ Gabrielle Bonheur Chanel ឬ Coco Chanel នៅក្នុងឆ្នាំ ១៩០៩។

អ្នកស្រី Coco Chanel បានបញ្ជូនទៅរស់នៅក្នុងមណ្ឌលកុមារកំព្រាតាំងពីអាយុ ១១ឆ្នាំ។ នៅទីនោះ Coco ត្រូវបានបង្រៀនពីការកាត់ដេរ ដេរប៉ាក ដែលបណ្តុះចិត្តឲ្យស្រឡាញ់នូវជំនាញនេះ និងជាដើមទងក្នុងការបង្កើត CHANEL ផងដែរ។ Coco ធ្វើការពីព្រឹកដល់ល្ងាច ហើយឆ្លៀតធ្វើការបន្តនៅពេលយប់ជាអ្នកចម្រៀងនៅហាងមួយ។ នៅឆ្នាំ ១៩១០ Coco Chanel បានសម្រេចចិត្តបើកហាងដំបូងមានឈ្មោះថា ‘Chanel Modes’ ដែលជាហាងលក់មួក ស្ថិតនៅទីក្រុងប៉ារីស។ ក្រោយមក ក៏អាចបង្កើតម៉ាក CHANEL ឡើង។
ការបង្កើតម៉ាកយីហោនេះឡើងមិនមែនដើម្បីតែក្តីស្រមៃមួយមុខទេ ប៉ុន្តែសម្រាប់បន្ថែមនូវភាពស្រស់ស្អាត ភាពថ្លៃថ្នូរដល់ស្ត្រីគ្រប់រូប។ អ្នកស្រីធ្លាប់បានលើកឡើងថា “របស់ដែលប្រណិតត្រូវតែមានផាសុកភាព បើមិនដូច្នេះទេវាមិនប្រណិតទេ”។ ហេតុនេះហើយ ចំណុចពិសេស និងភាពលេចធ្លោរបស់ CHANEL គឺផ្តោតទៅលើភាពសាមញ្ញស្រស់ស្អាត ជាពិសេសភាពងាយស្រួលដល់អ្នកប្រើប្រាស់។

នៅឆ្នាំ ១៩២៦ Little Black Dress បានបំបែកក្លាយជាម៉ូតដែលមានឥទ្ធិពលជាងគេ។ សូម្បីតែនៅពេលវិបត្តិសេដ្ឋកិច្ច ក៏ទទួលបានការបញ្ជាទិញជាហូរហែរ។ ចំណែកនៅអំឡុងឆ្នាំ ១៩៥០ និង ១៩៦០ CHANEL tweed suit បានកែប្រែការស្លៀកពាក់ស្ត្រីឲ្យមានភាពទាន់សម័យ ទទួលបានការពេញចិត្តស្ត្រីមានកេរ្តិ៍ឈ្មោះជាច្រើន។

ខណៈពេលដែលវិស័យម៉ូតចេញជាផ្លែផ្កាហើយ Coco បានចាប់ផ្តើមបោះទុនទៅលើកាបូប ទឹកអប់ គ្រឿងសម្អាង រួមទាំងបានសហការជាមួយអ្នកជំនាញខាងគ្រឿងអលង្កាដូចជា Robert Goossens ក្នុងការរចនាគ្រឿងគុជបុរាណដើម្បីធ្វើជាគ្រឿងលម្អក្នុងការបន្ថែមសម្រស់ម៉ាកយីហោនេះឲ្យឡើងមួយកម្រិតទៀត។

១១៦ឆ្នាំ ដែល CHANEL មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាម៉ាកយីហោពោលពេញទៅដោយភាពប្រណិតស្រស់ស្អាត ត្រូវបានបង្កើតចេញពីការស្រឡាញ់ និងការខិតខំរបស់ Coco Chanel ដែលស្នាដៃអ្នកស្រីនៅតែបន្តជះឥទ្ធិពលដល់ម៉ាកយីហោនេះ។ CHANEL នៅតែបញ្ចេញនូវម៉ូតដែលលេចធ្លោ សិល្បៈហត្ថកម្មដែលមិនអាចកាត់ថ្លៃបានជាមួយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សានាមជាម៉ាកប្រណិតលំដាប់ពិភពលោក។




