បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសបង្ហាញចេញគោលនយោបាយថ្មី ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន Nvidia គឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យលក់បន្ទះឈីប AI ប្រភេទ Blackwell និង B30A របស់ខ្លួនទៅកាន់ប្រទេសចិនទៀតនោះឡើយ ដោយក្នុងនោះ ចំពោះមូលហេតុនៃការកំណត់ច្បាប់ថ្មីនេះ គឺមានគោលបំណងការពារសន្តិសុខជាតិ និងរក្សាការនាំមុខក្នុងផ្នែកបច្ចេកវិទ្យា AI ។

គួរបញ្ជាក់ថា នៅក្នុងបច្ចុប្បន្ននេះ ក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយរបស់សហរដ្ឋអាមេរិក គឺបានបាត់បង់ទីផ្សាររបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួននៅក្នុងប្រទេសចិនទាំងស្រុងហើយ ហើយក្នុងនោះទីផ្សារបន្ទះឈីបនៅក្នុងប្រទេសចិនវិញ ក៏ត្រូវបានបំពេញដោយក្រុមហ៊ុនក្នុងស្រុកដូចជា Huawei, Alibaba, Tencent និង Baidu ផងដែរ។

ជាមួយគ្នានេះ លោក Jensen Huang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ផ្ទាល់ ក៏បានចេញមកព្រមានផងដែរថា ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តហាមឃាត់ និងរឹតបន្តឹងការនាំចេញបន្ទះឈីបរបស់ខ្លួនបន្តទៀត នោះប្រទេសចិននឹងតាមទាន់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័សតែម្តង ហើយក៏នឹងក្លាយជាប្រទេសមហាអំណាចនៅក្នុងផ្នែក AI ផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់លោកនៅក្នុងកិច្ចប្រជុំកំពូល “Future of AI” នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕





