យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញឲដឹងថា នៅក្នុងឆ្នាំ 2024 ប្រទេសចិន គឺបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណដល់ទៅ 15.6ជីហ្គាតោនឯណ្ណោះ ខណៈចំនួននេះ គឺស្នើនឹង 30% នៃការបំភាយឧស្ម័នសរុបនៅទូទាំងពិភពលោក។

គួរបញ្ជាក់ថា បើទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសចិន ជាប្រទេសដែលមានបំភាយឧស្ម័ន Greenhouse Gases ច្រើនជាងគេក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់ក៏បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយនូវផលប៉ះពាល់នេះផងដែរ ដោយក្នុងនោះ ប្រទេសចិន គឺបានងាកទៅប្រើប្រាស់នូវថាមពលកកើតឡើងវិញ (Renewable Energy) ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយានយន្តអគ្គិសនី (EV) ជាដើម។
ជាមួយគ្នានេះ រដ្ឋាភិបាលចិន ក៏បានកំណត់នូវគោលដៅថ្មី ដើម្បីកាត់បន្ថយនូវការបំភាយឧស្ម័ន Greenhouse Gases ចន្លោះពី ៧% ទៅ ១០% មុនឆ្នាំ 2035 ផងដែរ។

បញ្ជាក់៖ ឧស្ម័ន Greenhouse Gases គឺជាឧស្ម័នមួយប្រភេទដែលមានសមត្ថភាពទប់ស្កាត់កម្តៅពីព្រះអាទិត្យ ឲ្យនៅក្នុងបរិយាកាសផែនដី។ វាមានតួនាទីសំខាន់ក្នុងការរក្សាសីតុណ្ហភាពនៅលើផែនដីឲ្យមានតុល្យភាពគ្រប់គ្រាន់សម្រាប់ការរស់នៅ ប៉ុន្តែបើមានច្រើនពេក វានឹងនាំផែនដីមានការកើនឡើងកម្តៅខ្លាំង។ ឧស្ម័ន Greenhouse Gases សំខាន់ៗរួមមាន៖ កាបូនឌីអុកស៊ីត (CO₂) – មេតាន (CH₄) – អុកស៊ីតនៃនីត្រូសែន (N₂O) និងឧស្ម័នហ្វ្លូរីន (F-gases) ៕




