បើយោងតាមការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា (neurotechnology company) របស់លោក Elon Musk បានប្រកាសឲដឹងថា គិតមកទល់ពេលនេះ ក្រុមហ៊ុនរបស់ខ្លួនបានទទួលបាននូវការចូលរួមចំនួន ១២នាក់ហើយ ដែលនេះគឺជាចំនួនដ៏ច្រើនដើម្បីទទួលបាននូវការផ្សាំដាក់ឈីបក្នុងខួរក្បាល។
ក្នុងនោះ ចំនួននេះគឺជាកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការប្រកាសនៅក្នុងខែមិថុនាដែលមានចំនួនត្រឹមតែ ៧នាក់ប៉ុណ្ណោះ។
ចំណែកគោលបំណងនៃការផ្សាំដាក់ឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុន Neuralink នេះវិញ គឺដើម្បីជួយដល់អ្នកដែលមានជំងឺខ្វិន ឬបាត់បង់សមត្ថភាពរាងកាយ ឲ្យអាចត្រឡប់មកភាពប្រក្រតីដូចមនុស្សធម្មតាវិញ ពោលគឺអាចលើកដៃ លើកជើង ឬនិយាយជាដើម ដែលនេះគឺសមត្ថភាពដ៏អស្ចារ្យមួយនៅក្នុងវិស័យវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ននេះ។
ជាមួយនឹងការចូលរួមដ៏ច្រើននេះ ក្រុមហ៊ុន Neuralink ផ្ទាល់ ក៏កំពុងពង្រីកការស្រាវជ្រាវរបស់ខ្លួនទៅកាន់អន្តរជាតិផងដែរ ពោលគឺមានផែនការចាប់ផ្តើមសាកល្បងនៅចក្រភពអង់គ្លេស ជាមួយមន្ទីរពេទ្យធំៗដូចជា University College London និង Newcastle Hospitals ជាដើម ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ គឺមានការស្រាវជ្រាវនៅតែសហរដ្ឋអាមេរិកប៉ុណ្ណោះ៕