ក្នុងនោះ សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ឬប្រព័ន្ធឡាស៊ែររបស់ប្រទេសអូស្ត្រាលីនេះ គឺមានឈ្មោះថា Apollo 150 kW laser weapon ហើយវាគឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Electro Optic Systems (EOS) ដើម្បីកម្ចាត់ និងឆ្លើយតបទៅនឹងបញ្ហារបស់ប្រទេសជាច្រើននៅក្នុងពិភពលោកពីការគំរាមកំហែងរបស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងដ្រូន ឬយន្តហោះគ្មានមនុស្សបើក។
បើនិយាយពីសមត្ថភាពរបស់ប្រព័ន្ធឡាស៊ែរថ្មីនេះវិញ គឺអាចបាញ់បំផ្លាញហ្វូងយន្តហោះគ្មានមនុស្សបើកក្នុងចម្ងាយពី ៥០ម៉ែត្រ ទៅ ៣គីឡូម៉ែត្រ បានរហូតដល់ ៥០ គ្រឿង ឯណ្ណោះ នៅក្នុងរយៈពេលមួយនាទី ហើយវាក៏អាចវាយប្រហារបាន ៣៦០ដឺក្រេ នៅក្នុងពេលតែមួយបានផងដែរ ពោលគឺធ្វើឲ្យប្រព័ន្ធការពារចាស់ៗពិបាកទប់ស្កាត់។ លើសពីនេះ វាក៏អាចបញ្ឈប់ ឬរំខានការដំណើរការរបស់ឧបករណ៍ចាប់សញ្ញារបស់ដ្រូននៅចម្ងាយដល់ ១៥គីឡូម៉ែត្រ ផងដែរ។
ចំពោះលក្ខណៈពិសេសមួយផ្សេងទៀតនោះ គឺវាដំណើរការដោយថាមពលអគ្គិសនី ហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើឡានយោធាដែលអាចធ្វើការផ្លាស់ទីចល័តបាន ហើយនៅពេលធ្វើប្រតិបត្តិការមួយដងៗវិញ គឺមានការចំណាយទាបជាង ៥០ដង ឬ ១០០ដង ឯណ្ណោះ បើប្រៀបធៀបនឹងការបាញ់កាំជ្រួចដែលមានតម្លៃថ្លៃ និងប្រើពេលសម្រេចចិត្តយូរ៕