ដើម្បីបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួននៅក្នុងផ្នែកបច្ចេកវិទ្យា និងដើម្បីលើកកម្ពស់ទីក្រុងរបស់ខ្លួនឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃឈានមុខគេនៅទូទាំងពិភពលោក ឌូបៃ គឺបានដាក់ឲប្រើប្រាស់នូវដើមត្នោតឆ្លាតវៃ ឬ Smart Palm របស់ខ្លួនហើយ ដោយក្នុងនោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺដំណើរការដោយថាមពលពន្លឺព្រះអាទិត្យទាំងស្រុង ហើយវាគឺត្រូវបានដាក់ឲដំណើរការនៅតាមឆ្នេរសមុទ្រ និងកន្លែងសាធារណៈជាច្រើន ដើម្បីផ្តល់សេវាកម្មសម្រាប់ប្រជាជន និងភ្ញៀវទេសចរ។
ក្នុងនោះ បើនិយាយពីសមត្ថភាពរបស់ដើមត្នោតឆ្លាតវៃ ឬ Smart Palm នេះវិញ គឺផ្ដល់នូវការប្រើប្រាស់អ៊ីនធឺណិត ឬក៏ WIFI សម្រាប់ប្រជាជន និងភ្ញៀវទេសចរ ដោយឥតគិតថ្លៃ ហើយវាក៏ជាស្ថានីយសាកថ្មល្បឿនលឿន និងជាជម្រកសម្រាប់សម្រាប់ប្រជាជន និងភ្ញៀវទេសចរផងដែរ។ លើសពីនេះទៅទៀត វាក៏បានភ្ជាប់មកជាមួយកាមេរ៉ាសុវត្ថិភាព CCTV អេក្រង់បង្ហាញព័ត៌មាន កន្លែងអង្គុយ និងអំពូលសម្រាប់បញ្ចេញពន្លឺនៅពេលយប់ផងដែរ៕