ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ និងដើម្បីបន្ថែមទីផ្សារស្មាតហ្វូនថ្មីៗសម្រាប់ប្រកួតប្រជែងគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក និងបរទេស ពេលនេះ បើយោងតាមរាយការណ៏ពីសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូងគឺបានឲដឹងថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេរបស់ខ្លួន គឺអាចនឹងមិនបញ្ចេញនូវម៉ូឌែល Galaxy S26 ធម្មតាទៀតនោះឡើយ តែនឹងជំនួសដោយម៉ូឌែលថ្មីវិញ។
ក្នុងនោះ ដើម្បីជំនួសស្មាតហ្វូនមួយម៉ូឌែលនេះ ក្រុមហ៊ុន Samsung គឺអាចនឹងបញ្ចេញនូវស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Galaxy S26 Pro ហើយលើសពីនេះទៅទៀត Galaxy S26 Plus ក៏នឹងត្រូវបានជំនួសដោយ Galaxy S26 Edge ផងដែរ។ ដូចនេះ សម្រាប់នៅដើមឆ្នាំ២០២៦ ខាងមុននេះ ក្រុមហ៊ុន Samsung គឺអាចនឹងប្រកាសបញ្ចេញតែម៉ូឌែល Galaxy S26 Pro, Galaxy S26 Edge និង Galaxy S26 Ultra តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើទោះបីជាមានការរាយការណ៏ថា ក្រុមហ៊ុន Samsung អាចនឹងធ្វើនូវការផ្លាស់ប្តូរនេះក៏ដោយ ក៏នូវតែមានសារព័ត៌មានធំៗមួយចំនួនបានចេញមុខមកបដិសេធថាព័ត៌មានទាំងនេះជាព័ត៌មានមិនពិតផងដែរ ដោយពួកគេបានលើកហេតុផលថាគ្រាន់តែជាពាក្យចរចាមអារាមរបស់បរទេសតែប៉ុណ្ណោះ ខណៈព័ត៌មានលម្អិតមានតែរង់ចាំនូវការប្រកាសជាផ្លូវការពីខាងក្រុមហ៊ុនតែប៉ុណ្ណោះ៕