ពិតប្រាកដណាស់ នៅក្នុងជីវិតប្រចាំថ្ងៃគឺតែងតែមាននូវបញ្ហាជាច្រើនដែលធ្វើឲមនុស្សមានកង្វល់ជាច្រើន មិនថាការងារក្នុងផ្ទះ ឬការងារក្រៅផ្ទះនោះឡើយ ជាក់ស្តែងដូចជាបញ្ហាធូលីជាដើម គឺវាតម្រូវឲមាននូវការសម្អាតជាប្រចាំ ដែលទាមទារទាំងពេលវេលា កម្លាំង និងថវិកា ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនដែលមកពីសាកលវិទ្យាល័យ Zhejiang គឺបានបង្កើតនូវបច្ចេកវិទ្យាថ្មីដើម្បីដោះស្រាយនូវបញ្ហានេះហើយ ដោយក្នុងនោះគឺវាមានឈ្មោះថា self-cleaning glass ។
ក្នុងនោះ សម្រាប់បច្ចេកវិទ្យាថ្មីមួយនេះ គឺអាចលាងសម្អាតធូលីនៅលើកញ្ចក់បានដោយខ្លួនឯង និងពុំចាំបាច់ប្រើទឹក ឬសារធាតុគីមីផ្សេងនោះឡើយ ពោលគឺវាប្រើប្រាស់តែថាមពលអគ្គិសនីប៉ុណ្ណោះ ដើម្បីលាងសម្អាតភាគល្អិត ឬក៏ធូលីដែលជាប់នៅលើផ្ទៃកញ្ចក់។
គួរបញ្ជាក់ថា ចំពោះកញ្ចក់ប្រភេទថ្មីនេះរបស់ចិននេះ គឺមានកម្រាស់ត្រឹមតែ ០.៦២ មីលីម៉ែត្រ តែប៉ុណ្ណោះ និងមានសមត្ថភាពលាងសម្អាតធូលីនៅលើកញ្ចក់បានដោយខ្លួនឯងរហូតដល់ ៩៨ ភាគរយ ឯណ្ណោះ ហើយចាយរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាក៏អាចការពារធូលីថ្មីៗមិនឲមកទុំជាប់ក្រោយពេលលាងសម្អាតផងដែរ។
សរុបមក សម្រាប់កញ្ចក់ប្រភេទថ្មី ឬបច្ចេកវិទ្យាថ្មីមួយនេះ មិនត្រឹមតែមានសមត្ថភាពលាងសម្អាតធូលីនៅលើកញ្ចក់បានដោយខ្លួនឯងនោះទេ តែវាក៏បានជួយកាត់បន្ថយការចំណាយពេលក្នុងការថែទាំ ក៏ដូចជាកម្លាំង និងថវិកាផងដែរ៕