កាលពីមុនបងប្អូនប្រាកដជាដឹងថា គេអាចតាមដាន ឬឃ្លាំមើលសកម្មភាពរបស់នរណាម្នាក់បានដោយគ្រាន់តែប្រើប្រាស់នូវឧបករណ៍៍តាមដាន, GPS និងកាមេរ៉ាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ ការតាមដាន និងការឃ្លាំទាំងនេះ គឺមិនត្រូវការរបស់ទាំងនេះទៀតនោះឡើយ ពោលគឺគ្រាន់តែប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយដែលឈ្មោះថា WhoFi តែប៉ុណ្ណោះ។
ក្នុងនោះ បច្ចេកវិទ្យាថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអ៊ីតាលី ហើយវាគឺអាចតាមដាន ឬឃ្លាំមើលសកម្មភាពរបស់នរណាម្នាក់ដោយគ្រាន់តែប្រើប្រាស់នូវរលកសញ្ញា ឬសញ្ញា Wi-Fi តែប៉ុណ្ណោះ។
ជាមួយគ្នានេះ នៅពេលដំណើរការជាក់ស្តែង បច្ចេកវិទ្យា WhoFi នេះ គ្រាន់តែតម្រូវឲ្យមនុស្សដើរឆ្លងកាត់តំបន់ដែលមានសញ្ញា Wi-Fi តែប៉ុណ្ណោះ ពោលគឺពុំចាំបាច់ត្រូវមានឧបករណ៍តាមដាន ឬត្រូវប្រើកម្មវិធីណាមួយនៅឡើយ ហើយបន្ទាប់មកបច្ចេកវិទ្យា WhoFi នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាមួយដែលគេហៅថា Channel State Information (CSI) ដើម្បីចាប់យកនូវការប្រែប្រួលនៃរលកសញ្ញា ឬសញ្ញារបស់ Wi-Fi ដែលបណ្តាលមកពីរាងកាយ និងចលនារបស់មនុស្សនេះ បន្ទាប់មកនឹងប្រើប្រាស់នូវបច្ចេកវិទ្យា AI deep learning ដើម្បីវិភាគ និងកំណត់ទីតាំង ឬអត្តសញ្ញាណរបស់បុគ្គលនោះ ហើយវាគឺអាចវិភាគបានត្រឹមត្រូវដល់ទៅ ៩៥.៥% ឯណ្ណោះ។
គួរបញ្ជាក់ថា បើទោះបីបច្ចេកវិទ្យានេះមានអត្ថប្រយោជន៍ខ្លាំងក្នុងតាមដាន និងឃ្លាំមើលក៏ដោយ ក៏វាបានបង្កឲ្យមានការព្រួយបារម្ភជាច្រើនផងដែរ ដែលបច្ចេកវិទ្យានេះគឺអាចនឹងប៉ះពាល់ជាខ្លាំងទៅដល់ឯកជនភាពរបស់មនុស្ស៕