ទីបំផុត! ក្រុមហ៊ុន Microsoft បានប្រកាសបញ្ចេញនូវ Laptop ថ្មីរបស់ខ្លួនមួយទៀតហើយ ដោយមានឈ្មោះថា Surface Laptop 5G ។ ក្នុងនោះ Laptop នេះ គឺដំណើរការដោយ Intel Core Ultra (Series 2) របស់ក្រុមហ៊ុន Intel ។ ជាមួយគ្នានេះ វាក៏ទទួលបាននូវបច្ចេកវិទ្យា 5G និង eSIM ក៏ដូចជារន្ធដាក់សុីមមួយផងដែរ។
គួរបញ្ជាក់ថា សម្រាប់ Surface Laptop 5G នេះ គឺទទួលបាននូវអេក្រង់ Touchscreen ទំហំ 13.8 អ៊ីញ មានកម្រិតបង្ហាញ 2304 × 1536 Pixels និង Refresh Rate 120Hz ។ លើសពីនេះ ក៏ទទួលបាននូវជម្រើស RAM ទំហំ 16GB ឬ 32GB (LPDDR5x) និងជម្រើសអង្គផ្ទុក 256GB, 512GB ឬ 1TB (Gen 4 SSD) ដែលអាចដកចេញបានផងដែរ ហើយក្រៅពីនេះ ក៏ទទួលបាននូវរន្ធ USB-C ចំនួន ២ គាំទ្រ USB4 និង Thunderbolt 4 (អាចភ្ជាប់ម៉ូនីទ័រ 4K បានចំនួន 2), រន្ធ USB-A 3.1 ចំនួន ១, រន្ធដោតកាស 3.5 មីលីម៉ែត្រ ចំនួន ១, រន្ធ Surface Connect, ឧបករណ៍បំពងសំឡេង Omnisonic (Dolby Atmos) និងកាមេរ៉ា Full HD Surface Studio Camera ហើយក៏គាំទ្រនូវមុខងារ HDR, Dolby Vision IQ, Adaptive Color Technology និង AI ផងដែរ។
សម្រាប់តម្លៃ និងជម្រើសពណ៌វិញ គឺទទួលបានតែពណ៌ប្រាក់តែមួយប៉ុណ្ណោះ និងមានតម្លៃលក់ចាប់ពី ១ ៧៩៩ ដុល្លារ ដល់ ២ ៦៩៩ដុល្លារ នៅក្នុងទីផ្សារអាមេរិក៕