បន្ទាប់ពីមានការទន្ទឹងរង់ចាំអស់ជាយូរ ពេលនេះ ក្រុមហ៊ុន Qualcomm គឺត្រូវបានគេរាយការណ៍ហើយថានឹងប្រកាសបញ្ចេញជាផ្លូវការនូវបន្ទះឈីប Snapdragon 8 Elite Gen 2 របស់ខ្លួននៅក្នុងពេលឆាប់ខាងមុខនេះហើយ ដោយនឹងធ្វើឡើងនៅចុងខែកញ្ញាខាងមុខនេះ។
ក្នុងនោះ បើយោងតាម DCS បានឲដឹងថា បន្ទះឈីប Snapdragon 8 Elite Gen 2 នេះ ក៏នឹងមានតម្លៃដូចគ្នានឹងបន្ទះឈីប Snapdragon 8 Elite បច្ចុប្បន្នផងដែរ។
គួរបញ្ជាក់ថា សម្រាប់បន្ទះឈីប Snapdragon 8 Elite Gen 2 នេះ នឹងផលិតឡើងនៅលើបច្ចេកវិទ្យា 3nm របស់ TSMC ហើយបំពាក់នូវស៊ីភីយូ Oryon ជំនាន់ទី 2 ដែលមានល្បឿនដំណើរការប្រសើរជាងមុនដល់ទៅ 25% ឯណ្ណោះ និងទទួលបានពិន្ទុក្នុងការតេស្ត Geekbench 6 ចំនួន 4,000ពិន្ទុ សម្រាប់ single-core និង 11,000ពិន្ទុ នៅក្នុង multi-core ។
លើសពីនេះ សម្រាប់ផ្នែក GPU វិញ ក៏នឹងប្រើប្រាស់នូវ Adreno 840 GPU ថ្មីដែលមានល្បឿនដំណើរការប្រសើរជាងមុនដល់ទៅ 30% ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕