ក្រុមហ៊ុនជប៉ុន Toshiba បានទទួលសំណើទិញពីមូលនិធិឯកជនមួយរបស់អង់គ្លេស ក្នុងកិច្ចព្រមព្រៀងមួយដែលអាចមានតម្លៃប្រហែល ២០ពាន់លានដុល្លារ។
ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានរឿងអាស្រូវនេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅលើផ្សារភាគហ៊ុននៃទីក្រុងតូក្យូ បន្ទាប់ពីវាបានបញ្ជាក់ពីការដេញថ្លៃដោយក្រុមហ៊ុន CVC Capital Partners។
របាយការណ៍បានលើកឡើងថា ប្រសិនបើទទួលបានជោគជ័យ វានឹងអនុញ្ញាតឲ្យក្រុមហ៊ុន Toshiba ផ្តោតលើថាមពលកកើតឡើងវិញ (renewable energy) និងអាជីវកម្មស្នូលផ្សេងទៀត។
គួរឲ្យដឹងថា ភាគហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិករបស់ Toshiba បានកើនឡើងជិត ២០ ភាគរយបន្ទាប់ពីការដេញថ្លៃត្រូវបានបង្ហាញ។ ក្រុមហ៊ុននេះស្ថិតនៅចំណុចកណ្តាលនៃរឿងអាស្រូវមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមមានទាំង គណនេយ្យមិនពិត និងការខាតបង់ដ៏ធំ ដែលទាក់ទងនឹងអង្គភាពនុយក្លេអ៊ែររបស់អាមេរិក។ វាត្រូវបានបង្ខំឲ្យលក់ផ្នែកបន្ទះឈីបដែលអាចរកប្រាក់ចំណេញរបស់ខ្លួន ដើម្បីបង្កើតជាការខាតបង់ដ៏ធំ។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Toshiba លោក Nobuaki Kurumatani បានបញ្ជាក់ពីការស្នើសុំទិញពីក្រុមហ៊ុន CVC Capital Partners ដែលជាអតីតនិយោជករបស់លោកកាលពីថ្ងៃពុធ ដោយលោកបានបន្ថែមថា “យើងនឹងពិភាក្សាវានៅក្នុងការប្រជុំក្រុមប្រឹក្សាភិបាល”៕