យោងតាមបញ្ជីឈ្មោះអ្នកមានប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes បានឲ្យដឹងថា ពេលនេះ ប៉េកាំង ជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងទីក្រុងណាៗទាំងអស់ នៅលើពិភពលោក។
ទស្សនាវដ្តីពាណិជ្ជកម្មខាងលើបានឲ្យដឹងទៀតថា ទីក្រុងរបស់ប្រទេសចិននេះបានបន្ថែមមហាសេដ្ឋីចំនួន ៣៣ នាក់កាលពីឆ្នាំមុន ហើយឥឡូវនេះមានសរុបដល់ ១០០ នាក់។ តួលេខនេះបានយកឈ្នះលើទីក្រុងញូវយ៉ក ដែលជាម្ចាស់ផ្ទះរបស់មហាសេដ្ឋីចំនួន ៩៩នាក់ ហើយបានជាប់ចំណាត់ថ្នាក់កំពូល អស់រយៈពេល ៧ ឆ្នាំចុងក្រោយនេះ។
គួរឲ្យដឹងថា ការចាត់វិធានការយ៉ាងរហ័សលើជំងឺកូវីដ១៩ របស់ចិន, ការកើនឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យា និងទីផ្សារភាគហ៊ុន បានជួយឲ្យវាទទួលបានចំណាត់ថ្នាក់កំពូល។
ទោះបីជាពេលនេះទីក្រុងប៉េកាំងមានមហាសេដ្ឋីច្រើនជាងគេមែន ប៉ុន្តែទ្រព្យសម្បត្តិរួមបញ្ចូលគ្នារវាងមហាសេដ្ឋីនៅទីក្រុងញូយ៉ក នៅតែមានចំនួន ៨០ ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋីនៅទីក្រុងប៉េកាំង៕