វាជាផ្លូវចុងក្រោយសម្រាប់ផ្នែកទូរសព្ទរបស់ LG បន្ទាប់ក្រុមហ៊ុនកូរ៉េមួយនេះបានបញ្ជាក់ថា ខ្លួនបានចាកចេញពីអាជីវកម្មស្មាតហ្វូន បន្ទាប់ពីការសម្រេចចិត្តចុងក្រោយត្រូវបានអនុម័ត ដោយមេៗរបស់ខ្លួន។
ឥឡូវនេះក្រុមហ៊ុន LG នឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍ និងធនធានរបស់ខ្លួន នៅក្នុងវិស័យគ្រឿងបន្លាស់រថយន្តអគ្គិសនី, ឧបករណ៍ IoT, ផ្ទះវៃឆ្លាត, រ៉ូបូត, AI និងដំណោះស្រាយអាជីវកម្ម business-to-business វិញ។
គួរឲ្យដឹងថា ស្មាតហ្វូន LG ដែលមានបច្ចុប្បន្ននឹងនៅតែត្រូវបានលក់ នៅតាមហាងអ្នកលក់រាយ ហើយក្រុមហ៊ុន LG សន្យានឹងបន្តផ្តល់សេវាកម្មគាំទ្រទាំងផ្នែករឹង និងផ្នែកទន់ដល់អតិថិជនដែលមានស្រាប់ សម្រាប់ពេលវេលាដែលមិនបានបញ្ជាក់មួយ ដែលនឹងខុសគ្នាទៅតាមតំបន់។ ដំណើរការនៃការបញ្ឈប់ផ្នែកទូរសព្ទចល័តរបស់ក្រុមហ៊ុន LG ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ទោះបីជាស្តុកផលិតផលនឹងអាចនៅមានបន្ទាប់ពីកាលបរិច្ឆេទនោះក៏ដោយ។
យ៉ាងណាមិញ ក្រុមហ៊ុន LG នឹងបន្តកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន នៅក្នុងវិស័យបណ្តាញទំនាក់ទំនង រួមទាំងគម្រោងរបស់ខ្លួនលើប្រព័ន្ធ 6G ហើយនឹងផ្តោតលើការពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងវិស័យផ្សេងទៀត៕