នៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន LG Electronics បាននិយាយថា ខ្លួនអាចនឹងបិទអាជីវកម្មស្មាតហ្វូនចោល ដោយសារតែការខាតបង់។
កាលពីខែមករា ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងនេះ បាននិយាយថា ខ្លួនកំពុងពិនិត្យមើលជម្រើសទាំងអស់ បន្ទាប់ពីការខាតបង់ជិត ៦ ឆ្នាំ ដែលមានទឹកប្រាក់សរុបប្រហែល ៤,៥ ពាន់លានដុល្លារ។
ក្រុមហ៊ុន LG បានបង្កើតការច្នៃប្រឌិតជាច្រើន រួមទាំងកាមេរ៉ាថតមុំធំទូលាយ (ultra-wide angle camera) រហូតបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី៣ ក្នុងឆ្នាំ ២០១៣ ទៀតផង។
ប៉ុន្តែមេ LG បាននិយាយថា ទីផ្សារទូរសព្ទបានក្លាយជា “ការប្រកួតប្រជែងមិនគួរឲ្យជឿ”។ ខណៈពេលដែល Samsung និង Apple គឺជាក្រុមហ៊ុនធំជាងគេពីរនៅក្នុងទីផ្សារស្មាតហ្វូន LG បានរងគ្រោះពីបញ្ហា hardware និង software របស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន LG នៅតែជាប់ចំណាត់ថ្នាក់ជាយីហោដែលមានប្រជាប្រិយបំផុតទី៣ នៅអាមេរិកខាងជើង ប៉ុន្តែបានធ្លាក់ចុះខ្លាំងនៅទីផ្សារផ្សេងទៀត។ មិនតែប៉ុណ្ណោះ ទូរសព្ទ LG នៅតែមានអ្នកប្រើធម្មតា នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង៕