ដើម្បីជាការឆ្លើយតបមួយទៅនឹងការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យា AI និងមនុស្សយន្តរបស់ខ្លួន ក៏ដូចជាពិភពលោក ពេលនេះ ចិន បានប្រកាសបង្កើតចេញនូវការប្រកួតបាល់ទាត់មនុស្សយន្តជាលើកដំបូងនៅក្នុងប្រទេសខ្លួនហើយ។
ក្នុងនោះ ការប្រកួតទាំងនេះ គឺត្រូវបានរៀបចំដោយគណៈកម្មាធិការបច្ចេកវិទ្យា និងវប្បធម៌នៃទីក្រុងប៉េកាំង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះ នៅក្នុងព្រឹត្តិការណ៍ World Robot Games នៅក្នុងឆ្នាំ២០២៥ នេះ។
ចំពោះលក្ខខណ្ឌនៅក្នុងការប្រកួតនេះវិញ គឺតម្រូវឲមានសមាជិកចំនួន ៣នាក់ ក្នុងមួយក្រុម និងបម្រុងចំនួន ១នាក់ ហើយលេងចំនួន ២តង់ ដែលក្នុង ១តង់ គឺមានរយៈពេល ១០ នាទី និងសម្រាក ៥នាទី ។ ក្នុងនោះ មនុស្សយន្តទាំងនេះ គឺត្រូវបានដាក់ឲលេងដោយស្វ័យប្រវត្តិដោយគ្មានការបញ្ជាពីមនុស្សឡើយ ប៉ុន្តែមានបំពាក់ដោយកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាទំនើបជាច្រើន ដែលអាចមើលឃើញបាល់ក្នុងចម្ងាយ ២០ ម៉ែត្រ ហើយក៏អាចបែងចែក ឬគណនាព័ត៌មានក្នុងពេលវេលាជាក់ស្តែងនៅក្នុងទីលានដើម្បីធ្វើសកម្មភាពមួយចំនួនដូចជា ដើរ រត់ ទាត់ និងចែកបានភ្លាមៗផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាកម្រិតលេងរបស់មនុស្សយន្តទាំងនេះ ស្ថិតនៅក្នុងកម្រិតមួយដែលអាចនិយាយបានថាស្មើនឹងការលេងរបស់ក្មេងៗដែលមានអាយុពី ៥ ទៅ ៦ឆ្នាំ ក៏ដោយ ក៏វាបានបង្ហាញពីការរីកចម្រើននៃសមត្ថភាពរបស់មនុស្សយន្ត ក៏ដូចជាបច្ចេកវិទ្យា AI នៅក្នុងពេលបច្ចុប្បន្ននេះរបស់ចិនផងដែរ៕