បន្ទាប់ពីលេចឮថានឹងប្រកាសចេញជាផ្លូវការនៅក្នុងថ្ងៃទី 20 ខែសីហា ខាងមុខនេះ ពេលនេះ លក្ខណៈពិសេស ឬក៏ Specs របស់ Pixel 10 Series ដែលជាស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន Google គឺត្រូវបានបង្ហាញចេញមកខ្លះៗហើយ។
ក្នុងនោះ បើយោងទៅតាមព័ត៌មានបែកធ្លាយបានឲដឹងថា Pixel 10 Pro នឹងទទួលបាននូវអេក្រង់ OLED LTPO ទំហំ 6.3 អ៊ីញ មានកម្រិតបង្ហាញ 2856 x 1280 pixels, អង្គផ្ទុកទិន្នន័យ 128GB ជាស្តង់ដារ និងថាមពលថ្ម 4,870mAh គាំទ្រការសាកថ្មតាមខ្សែកម្លាំង 29W ។ ចំណែក Pixel 10 Pro XL វិញ នឹងទទួលបាននូវអេក្រង់ធំជាងមុនទំហំ 6.8 អ៊ីញ មានអង្គផ្ទុកទិន្នន័យ 256GB ជាស្តង់ដារ និងថាមពលថ្ម 5,200mAh គាំទ្រការសាកថ្មតាមខ្សែកម្លាំង 39W ។ លើសពីនេះ ក៏នឹងគាំទ្រនូវការសាកឥតខ្សែកម្លាំង 15W ដោយផ្អែកលើបច្ចេកវិទ្យា Qi2 ផងដែរ។
សម្រាប់ផ្នែកកាមេរ៉ាវិញ ម៉ូឌែល Pro នឹងទទួលបាននូវកាមេរ៉ាខាងមុខទំហំ 42MP លេនគោល 50MP លេនទូលាយ 48MP និងលេន periscope telephoto 48MP គាំទ្រការថត 5x optical zoom ។ ខណៈផ្នែកកាមេរ៉ារបស់ Pro XL វិញ មិនទាន់បង្ហាញចេញនៅឡើយទេ តែស្មាតហ្វូនសេរ៊ីថ្មីទាំងនេះនឹងដំណើរការដោយឈីប Tensor G5 ដែលផលិតដោយ TSMC ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថ្មរបស់ Pixel 10 Pro គឺអាចនឹងមានទំហំតូចជាង Pixel 10 ស្តង់ដារបន្តិច ដោយសារការដាក់បញ្ចូលនូវប្រព័ន្ធ vapor chamber ថ្មី ។ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃគឺមិនទាន់់បង្ហាញចេញនៅឡើយទេ៕