បន្ទាប់ពីបានប្រកាសចេញនូវ Pixel 9 Series របស់ខ្លួនកាលពីឆ្នាំមុន ពេលនេះ ក្រុមហ៊ុន Google កំពុងត្រៀមនឹងប្រកាសបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Pixel 10 Series ជាផ្លូវការហើយ ដែលក្នុងនោះក៏នឹងរួមបញ្ជូលនូវម៉ូឌែលបត់ Pixel 10 Pro Fold ផងដែរ។
សម្រាប់ស្មាតហ្វូនសេរ៊ីថ្មីៗទាំងនេះ នឹងប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ “Made by Google” ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី 20 ខែសីហា ឆ្នាំ 2025 ខាងមុខនេះ។
ក្នុងនោះ ចំពោះស្មាតហ្វូនបត់ Pixel 10 Pro Fold គឺត្រូវបានគេរាយការណ៍ថានឹងក្លាយជាស្មាតហ្វូនបត់ដំបូងបង្អស់ដែលនឹងទទួលបាននូវការពារទឹក និងធូលីកម្រិត IP68 ។ បើប្រៀបធៀបទៅនឹង Pixel 9 Pro Fold នេះអាចជាការកែលម្អដ៏ធំមួយរបស់ក្រុមហ៊ុន Google នៅក្នុងឆ្នាំនេះ ហើយស្មាតហ្វូនមួយម៉ូឌែលនេះក៏នឹងទទួលបាននូវការរចនា hinge ស្តើងជាងមុនផងដែរ ដើម្បីឲងាយស្រួលក្នុងការចាប់កាន់។ ក្រៅពីនេះ វាក៏នឹងទទួលបាននូវអេក្រង់ខាងក្រៅទំហំ 6.4 អ៊ីញ ដែលធំជាងស្មាតហ្វូនបត់បានមុនៗផងដែរ។
ទាក់ទងនឹងកាមេរ៉ាវិញ Pixel 10 Pro Fold នឹងប្រើសេនស័រ Samsung GN8 50MP ដូចគ្នានឹង Pixel 10 ធម្មតាដែរ ហើយវាក៏នឹងរក្សានូវកាមេរ៉ា ultra-wide 12MP និងកាមេរ៉ាខាងមុខ 11MP ដូចគ្នានៅលើ Pixel 9 Pro Fold ផងដែរ ចំណែកឯ Pixel 10 វិញ នឹងមានការកែលម្អទៅលើសេនស័រថ្មីៗជាដើម ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ៕