បន្ទាប់ពីបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបង្ហាញចេញនៅ iPhone សេរ៊ីថ្មីរបស់ខ្លួន iPhone 17 Series នៅចុងឆ្នាំ២០២៥ នេះ ពេលនេះ ក្រុមហ៊ុន Apple គឺត្រូវបានរាយការណ៏ហើយថា នឹងបន្តជំហានថ្មីរបស់ខ្លួនដោយគ្រោងនឹងប្រកាសបង្ហាញចេញនូវ iPhone ដែលអាចបត់បានជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Samsung និងក្រុមហ៊ុន Android ដទៃផ្សេងៗទៀតដែលបានចាប់ផ្តើមកាន់កាប់នៅក្នុងវិស័យស្មាតហ្វូនបត់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
យោងតាមការវិភាគរបស់លោក Ming-Chi Kuo ដែលជាអ្នកជំនាញមានឥទ្ធិពលខាងផ្នែកផលិតផល Apple បានបង្ហាញថា ការផលិត iPhone បត់នេះនឹងចាប់ផ្តើមនៅចុងត្រីមាសទី ៣ ឬដើមត្រីមាសទី ៤ ក្នុងឆ្នាំ ២០២៥ នេះហើយ ដោយមានក្រុមហ៊ុន Foxconn ជាអ្នកគ្រប់គ្រងដំណើរការ ហើយផ្នែកខាងអេក្រង់វិញ នឹងផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display ដែលបានកំណត់ចំនួនផលិតប្រចាំឆ្នាំចន្លោះពី 7 ទៅ 8 លានគ្រឿង ឯណ្ណោះ។
ក្នុងនោះ ក្រុមហ៊ុន Apple ផ្ទាល់អាចនឹងប្រកាសដាក់លក់ iPhone បត់បានរបស់ខ្លួនចំនួនតែ 3 ទៅ 5 លានគ្រឿង ប៉ុណ្ណោះ នៅឆ្នាំ ២០២៦ ហើយនឹងបន្តបន្ថែមទៅ 15 ឬ 20 លានគ្រឿង នៅក្នុងរយៈពេល 2 ទៅ 3 ឆ្នាំបន្ទាប់។
គួរបញ្ជាក់ថា iPhone បត់បានរបស់ Apple នឹងទទួលបាននូវការរចនាជារូបរាងសៀវភៅ ដោយមានអេក្រង់ខាងក្នុងទំហំ 7.8 អ៊ីញ និងអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីញ ហើយភ្ជាប់មកជាមួយ Touch ID នៅផ្នែកចំហៀង មានតួធ្វើពីសារធាតុទីតានីញ៉ូម មានប្រព័ន្ធកាមេរ៉ាភ្លោះ និងការរចនាស្ដើងខ្លាំងខ្ទង់ 5mm ប៉ុណ្ណោះ៕