ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៏ថា កំពុង និងរៀបចំធ្វើនូវផលិតកម្មបន្ទះឈីប Ascend AI ដ៏មានប្រសិទ្ធភាពជាច្រើនរបស់ខ្លួនហើយ ដែលមួយក្នុងចំណោមបន្ទះឈីបទាំងនេះអាចបង្ហាញខ្លួននៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ ខាងមុខនេះ។
ក្នុងនោះ បន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei គឺ Ascend 910D ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នូវបច្ចេកវិទ្យា “quad-die” ដែលបច្ចេកវិទ្យានេះនឹងផ្ទុកនូវស៊ីលីកុនចំនួនបួនគ្រាប់នៅក្នុងកញ្ចប់តែមួយ ខណៈការរចនាបែបនេះនឹងធ្វើឲ្យបន្ទះឈីបកាន់តែមានសមត្ថភាពដំណើរការបានខ្ពស់សម្រាប់ការងារ AI ។ ជាមួយគ្នានេះ បើប្រៀបធៀបទៅនឹងបន្ទះឈីប Ascend 910C វិញ គឺមានគ្រាប់ស៊ីលីកុនចំនួន ២ តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺបានធ្វើការដាក់ការសង្ឃឹមយ៉ាងខ្លាំងទៅលើបន្ទះឈីប 910D របស់ខ្លួននេះ ហើយរំពឹងថាវានឹងក្លាយទៅជាឈីបថ្មីដែលអាចប្រកួតប្រជែងជាមួយបន្ទះឈីបលំដាប់ខ្ពស់របស់ក្រុមហ៊ុនអាមេរិកដូចជា Nvidia H100 បាន។ លើសពីនេះ ក្រុមហ៊ុនមួយនេះក៏បានចាប់ផ្តើមធ្វើតេស្តជាមួយអតិថិជនក្នុងស្រុក ដើម្បីវាយតម្លៃលើសមត្ថភាពបច្ចេកទេសនៃបន្ទះឈីបនេះផងដែរ ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត ក្រុមហ៊ុន Huawei មិនទាន់បង្ហាញចេញនៅឡើយទេ៕