ស្របពេលដែលបច្ចុប្បន្ននេះ ការអភិវឌ្ឍបច្ចេកវិទ្យាបានក្លាយជាចំនុចដ៏សំខាន់រវាងប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ ចិន បានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួន ដែលបច្ចេកវិទ្យានេះ គឺអាចរារាំងប្រព័ន្ធរ៉ាដា និងប្រព័ន្ធទំនាក់ទំនងយោធាកម្រិតខ្ពស់ៗជាច្រើនដែលប្រើប្រាស់នៅក្នុងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកប្រភេទ F-35 បាន។
ក្នុងនោះ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានដឹកនាំស្រាវជ្រាវដោយសាស្ត្រាចារ្យ Deng Lei នៃសាកលវិទ្យាល័យ Huazhong ដោយប្រើប្រាស់នូវបច្ចេកវិទ្យា 6G ដែលមានសមត្ថភាពបង្កើតគោលដៅមិនពិតបានលើសពី 3,600 ចំណុច ដើម្បីបំភាន់ប្រព័ន្ធរ៉ាដារបស់សត្រូវ។ លើសពីនេះ វាក៏អាចរារាំងប្រព័ន្ធរ៉ាដាដែលដំណើរការនៅលើប្រេកង់ X-band រហូតដល់ 12GHz ដែលធ្លាប់ត្រូវបានគេយល់ថាលំបាកក្នុងការរារាំងផងដែរ។
ជាមួយគ្នានេះ ប្រព័ន្ធនេះក៏អាចប្រើជាប្រព័ន្ធទំនាក់ទំនងល្បឿនលឿនដើម្បីផ្ញើទិន្នន័យសមរភូមិទៅទីតាំងផ្សេងៗបានច្រើនជាង 300ទីតាំង តាមរយៈខ្សែកាបអុបទិកបានផងដែរ៕