នៅក្នុងពេលបច្ចុប្បន្ននេះ មន្ទីពេទ្យកំពូលៗជាច្រើននៅក្នុងពិភពលោកបានធ្វើឲមាននូវការភ្ញាក់ផ្អើរជាខ្លាំង ដោយមន្ទីពេទ្យខ្លះបានដាក់ឲដំណើរការនូវ AI ទាំងស្រុង ហើយខ្លះទៀតក៏បានដាក់ឲដំណើរការនូវមនុស្សយន្ត AI ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ នៅក្នុងប្រទេសអូស្ត្រាលី បានកំពុងឈានទៅរកនូវដំណាក់កាលថ្មីមួយទៀត ដោយអ្នកស្រាវជ្រាវនៅក្នុងប្រទេសនេះបានបង្កើតចេញនូវប្រព័ន្ធ AI ថ្មីមួយ ដែលអាចបំលែងរលកសញ្ញាខួរក្បាលទៅជាពាក្យដែលអាចនិយាយបានដោយគ្រាន់ប្រើប្រាស់នូវមួក EEG AI ប៉ុណ្ណោះ។
ក្នុងនោះ ប្រព័ន្ធនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវមួយនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី ដោយប្រើប្រាស់នូវបច្ចេកវិទ្យា AI deep learning ហើយស្ថិតក្នុងកម្រិតត្រឹមត្រូវប្រហែល ៧៥ភាគរយ ប៉ុន្តែអាចប្រើបានតែជាមួយវាក្យសព្ទ ឬពាក្យមានចំនួនកំណត់ប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនេះក៏មានគោលបំណងបង្កើនសមត្ថភាពរបស់ប្រព័ន្ធនេះឲ្យបាន ៩០ភាគរយ នៅពេលអនាគតផងដែរ។
ជាមួយគ្នានេះ បើយោងទៅតាមលោក Mohit Shivdasani ដែលអ្នកជំនាញខាងផ្នែកជីវអេឡិចត្រូនិច បានឲដឹងថា បច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពអាចរកឃើញលំនាំសញ្ញាសរសៃប្រសាទដែលមនុស្សមិនអាចបកស្រាយបានពីមុនមក ហើយវាក៏កំពុងបើកផ្លូវទៅរកអនាគតដែលខួរក្បាលអាចទំនាក់ទំនងជាមួយគ្នា ឬជាមួយម៉ាស៊ីនតាមរយៈគំនិតផ្ទាល់បានផងដែរ (brain-to-brain or brain-to-machine interface) ។
គួរបញ្ជាក់ថា បើទោះបីជាបច្ចេកវិទ្យានេះស្ថិតនៅក្នុងដំណាក់កាលដំបូងក៏ដោយ ក៏វាបានបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការជួយអ្នកជំងឺដែលពិបាកនិយាយ ឬធ្វើចលនា ឲមានឱកាសអាចទាក់ទងជាមួយអ្នកដទៃវិញបានផងដែរ៕