នៅក្នុងសន្និសីទ WWDC 2025 ក្រុមហ៊ុន Apple បានធ្វើការបង្ហាញចេញនូវមុខងារថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនសម្រាប់កាស AirPods ជំនាន់ថ្មីៗរបស់ខ្លួន ដែលក្នុងនោះមុខងារថ្មីទាំងនេះនឹងមាននៅក្នុងកាស AirPods 4, កាស AirPods 4 មានមុខងារ ANC និងកាស AirPods Pro 2 ។
ចំពោះមុខងារដែលថ្មី និងសំខាន់ជាងគេនោះគឺ មុខងារ Studio-quality audio recording ។ មុខងារថ្មីនេះ អាចអោយអ្នកប្រើប្រាស់នូវកាស AirPods អាចថតសំឡេងបានយ៉ាងល្អ ដូចការថតនៅក្នុងស្ទូឌីយ៉ូអញ្ជឹង។ វាមានប្រយោជន៍ខ្លាំងសម្រាប់អ្នកធ្វើកម្មវិធីផតខាស ចម្រៀង សម្ភាសន៍ និងបង្កើតមាតិកាផ្សេងៗ ហើយវាក៏រួមបញ្ចូលនូវបច្ចេកវិទ្យា Voice Isolation ដើម្បីកាត់បន្ថយសំឡេងរំខាននៅជុំវិញ ហើយផ្តល់តែសំឡេងដែលចាំបាច់ប៉ុណ្ណោះ។ ពិសេសជាងនេះទៅទៀត អ្នកប្រើប្រាស់ក៏អាចប្រើវាសម្រាប់ការនិយាយទូរស័ព្ទតាមកម្មវិធី FaceTime ឬកម្មវិធី CallKit ដើម្បីទទួលបាននូវសំឡេងធម្មជាតិ និងច្បាស់ជាងមុនផងដែរ។
មុខងារថ្មីមួយទៀតនោះគឺ Remote Camera Control ។ មុខងារនេះ គឺជាមុខងារមួយដែលជួយធ្វើការថតរូប និងថតវីដេអូដោយគ្រាន់តែចុច press និង hold នៅលើដងកាស AirPods តែប៉ុណ្ណោះ ដើម្បីចាប់ផ្តើមថតរូប ថតវីដេអូ ឬបញ្ឈប់ ពោលគឺមិនចាំបាច់ត្រូវប្រើទូរស័ព្ទដូចមុននោះឡើយ ហើយវាក៏អាចប្រើបានជាមួយកម្មវិធីកាមេរ៉ាដែលមានក្នុង iPhone, iPad ឬកម្មវិធីកាមេរ៉ាផ្សេងៗ ដែលមិនមែនជារបស់ Apple ដូចជាកម្មវិធីកាមេរ៉ារបស់កម្មវិធី Instagram, TikTok និង Snapchat ផងដែរ។
គួរបញ្ជាក់ថា មុខងារទាំងនេះ នឹងត្រូវដាក់ឲប្រើប្រាស់សាកល្បងនៅក្នុងកម្មវិធី Apple Beta Software Program ចាប់ពីខែក្រោយនេះហើយ ហើយវាក៏នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 26, iPadOS 26 និង macOS Tahoe 26 ផងដែរ៕