បន្ទាប់ពីលេចឮនូវដំណឹងរៀងយូរគ្រាន់ដែរហើយ ពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសដាក់បង្ហាញចេញនូវ teaser ដំបូងសម្រាប់ស្មាតហ្វូនដែលអាចបត់បានជំនាន់បន្ទាប់របស់ខ្លួនហើយ ដែលក្នុងនោះរំពឹងថានឹងជា Galaxy Z Fold 7 ។
បើយោងទៅតាម Teaser នេះ បានបង្ហាញឲដឹងថា ស្មាតហ្វូនបត់ជំនាន់ថ្មីនេះ នឹងផ្តោតលើបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាបត់ថ្មីដែលគេឲឈ្មោះថា “Ultra-experience” ។
ជាមួយគ្នានេះ បើយោងទៅតាមពាក្យចចាមអារ៉ាម បានឲដឹងថា Galaxy Z Fold 7 នឹងមានអេក្រង់ខាងក្នុងទំហំ 8.2 អ៊ីញ និងអេក្រង់ក្រៅទំហំ 6.5 អ៊ីញ ជាមួយកម្រាស់ពេលលាតចេញត្រឹមតែ 3.9mm ឬ 4.54mm ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាស្មាតហ្វូនបានស្តើងបំផុតនៅក្នុងស៊េរី Fold។ ចំពោះផ្នែកថាមពលថ្មវិញ អាចនឹងទទួលបានថ្មទំហំ 4400mAh ដដែល ប៉ុន្តែភ្ជាប់មកជាមួយនឹងសមត្ថភាពសាកល្បឿនលឿនកម្លាំង 45W ដែលលឿនជាង Z Fold6 ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏នឹងផ្ដល់ជូននូវប៊ិក S Pen ជំនាន់ថ្មី ដែលមានប្រវែងវែង និងសាមញ្ញជាងមុន ដែលងាយស្រួលក្នុងការសរសេរ ឬគូរនៅលើអេក្រង់បត់ជាងមុនផងដែរ។
គួរបញ្ជាក់ថា Galaxy Z Fold 7 នេះ នឹងដំណើរការដោយ Galaxy AI របស់ក្រុមហ៊ុន Samsung ផ្ទាល់ ហើយអាចនឹងប្រកាសចេញនៅដើមខែកក្កដាខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 ៕