បន្ទាប់ពីពិភពលោកកំពុងប្រឈមនឹងបញ្ហាកង្វះខាតបុគ្គលិកយ៉ាងខ្លាំងដែលរំពឹងថានឹងអាចឈានដល់ចំនួន 4.5 លាននាក់ នៅក្នុងឆ្នាំ 2030 ខាងមុខនេះ ពេលនេះ មន្ទីរពេទ្យកំពូលរបស់តៃវ៉ាន់បានប្រកាសចាប់ផ្តើមដាក់ឲប្រើប្រាស់នូវគិលានុបដ្ឋាយិកាមនុស្សយន្តជាផ្លូវការហើយ។
ក្នុងនោះ មនុស្សយន្តនេះ មានឈ្មោះថា Nurabot ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Foxconn និង Kawasaki Heavy Industries ហើយត្រូវបានបង្ហាញចេញជាសាធារណៈនៅក្នុងព្រឹត្តិការណ៍ Computex 2025 ដោយមានគោលបំណងដោះស្រាយបញ្ហាកង្វះបុគ្គលិកថែទាំសុខភាពដែលពិភពលោកកំពុងប្រឈមមុខ ហើយក្នុងពេលបច្ចុប្បន្ននេះ វាត្រូវបានដាក់ប្រើប្រាស់ជាលើកដំបូងនៅមន្ទីរពេទ្យ Taichung Veterans General Hospital (TCVGH) របស់តៃវ៉ាន់។
នៅក្នុងការប្រើប្រាស់ពិត មនុស្សយន្តនេះ គឺអាចជួយផ្តល់ថ្នាំដល់អ្នកជំងឺ ដឹកសំណាក ផ្លាស់ប្តូរវេនយាមជាមួយមនុស្សពិត ហើយក៏អាចវិនិច្ឆ័យជំងឺសំខាន់ៗមួយចំនួនដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឺភ្នែកបានភ្លាមៗផងដែរ។
គួរបញ្ជាក់ថា មនុស្សយន្តនេះ គឺដំណើរការដោយបច្ចេកវិទ្យារបស់ Nvidia ទាំងស្រុង រួមជាមួយបច្ចេកវិទ្យា FoxBrain LLM របស់ Foxconn ដែលអាចពន្យល់ និងឆ្លើយតបជាមួយមនុស្សបានដូចជា ChatGPT អញ្ជឹង។ លើសពីនេះ វាក៏ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យា CoDoctor AI ដើម្បីជួយធ្វើការវិភាគ និងដោះស្រាយក្នុងការព្យាបាលជំងឺឲមានភាពត្រឹមត្រូវបានស្តង់ដារពេទ្យផងដែរ៕