ក្នុងពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រចិន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀតហើយ ដោយពួកគេបានអភិវឌ្ឍ និងបង្កើតចេញនូវ ប្រព័ន្ធ AI ដ៏ខ្លាំងដំបូងគេនៅលើលោកមួយ ដែលអាចសម្គាល់បានថាក្បាលគ្រាប់នុយក្លេអ៊ែរជារបស់ពិត និងជារបស់ក្លែងក្លាយ។
បច្ចេកវិទ្យាថ្មីមួយនេះ ត្រូវបានអភិវឌ្ឍ និងបង្កើតឡើងដោយវិទ្យាស្ថាន China Institute of Atomic Energy (CIAE) របស់ប្រទេសចិនផ្ទាល់ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា deep learning និង cryptographic protocols ដើម្បីវិភាគសញ្ញាវិទ្យុសកម្មដែលចេញពីក្បាលគ្រាប់នុយក្លេអ៊ែរផ្ទាល់ថាជារបស់ពិត ឬរបស់ក្លែងក្លាយ ពោលគឺពុំចាំបាច់មានព័ត៌មានសម្ងាត់ ឬការលេចធ្លាយនៅក្នុងគម្រោងខាងក្នុងនោះឡើយ។ លើសពីនេះ បើទោះបីជាមានប្រព័ន្ធសម្ងាត់ ក៏បច្ចេកវិទ្យានេះអាចធ្វើការបញ្ជាក់ដោយមិនចាំបាច់ចូលទៅប្រើទិន្នន័យផងដែរ។
- ក្នុងនោះ បើទោះបីជាបច្ចេកវិទ្យានេះមានអត្ថប្រយោជន៍ច្រើន និងទទួលបាននូវការអភិវឌ្ឍដោយជោគជ័យក៏ដោយ ក៏មានការព្រួយបារម្ភថា AI អាចនឹងមានតួនាទីច្រើនពេកនៅក្នុងការគ្រប់គ្រងអាវុធប្រល័យលោក ហើយវាក៏ត្រូវតែឆ្លងកាត់នូវការយល់ព្រមពីប្រទេសអន្តរជាតិជាច្រើន រួមទាំងសហរដ្ឋអាមេរិកដើម្បីអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ និងមានតម្លាភាពផងដែរ។
គួរបញ្ជាក់ថា ដំបូងឡើយ បច្ចេកវិទ្យាមួយនេះ គឺត្រូវបានបង្កើតឡើងតាមសំណើរបស់អាមេរិក-ចិន ប៉ុន្តែទាំងប្រទេសចិន និងសហរដ្ឋអាមេរិកបានសន្យាថា នឹងមិនអនុញ្ញាតឱ្យ AI គ្រប់គ្រងការសម្រេចចិត្តនៃការបាញ់បង្ហោះនុយក្លេអ៊ែរនោះឡើយ៕