បើយោងតាមការរាយការណ៍ពីលោក Mark Gurman របស់សារព័ត៌មាន Bloomberg បានឲដឹងថា ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple បាន និងកំពុងនូវអភិវឌ្ឍនូវបន្ទះឈីបជាច្រើនប្រភេទសម្រាប់បំពាក់នៅលើវ៉ែនតាឆ្លាតវៃ (smart glasses) និងម៉ាស៊ីនមេប្រើ AI (AI servers) របស់ខ្លួនដែលអាចនឹងបង្ហាញចេញនៅក្នុងពេលអនាគត ឬក្នុងពេលឆាប់ៗខាងមុខនេះ។
ចំពោះគោលបំណងសំខាន់នៃការអភិវឌ្ឍបន្ទះឈីបថ្មីនេះ គឺដើម្បីប្រើជាមួយវ៉ែនតាឆ្លាតវៃ ដែលរំពឹងថានឹងដាក់បង្ហាញចេញនៅក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។ ក្នុងនោះ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) នឹងទទួលខុសត្រូវក្នុងការផលិតឈីបនេះដដែល។
គួរបញ្ជាក់ថា វ៉ែនតាឆ្លាតវៃរបស់ Apple ត្រូវបានគេរំពឹងថានឹងមានសមត្ថភាពប្រកួតប្រជែងជាមួយវ៉ែនតាជាច្រើនដែលមាននៅលើទីផ្សារជាពិសេសរបស់ក្រុមហ៊ុន Meta (Ray-Ban smart glasses)។ ក្រៅពីនេះ Apple ក៏កំពុងអភិវឌ្ឍបន្ទះឈីបថ្មីសម្រាប់ម៉ាស៊ីនមេ AI ដែលមានគម្រោងឈ្មោះថា “Baltra” ផងដែរ ដែលឈីបនេះនឹងគាំទ្រយ៉ាងពេញលេញដល់ Apple Intelligence platform ដែលកំពុងត្រូវបានរីកចម្រើនយ៉ាងខ្លាំង ហើយវាត្រូវបានគេរំពឹងថានឹងបញ្ចប់ការអភិវឌ្ឍក្នុងឆ្នាំ ២០២៧ ខាងមុខនេះ។ ក្នុងនោះ ឈីបថ្មីនេះនឹងមានសមត្ថភាពខ្ពស់ជាងឈីបបច្ចុប្បន្ន ដោយវានឹងមាននូវ CPU និង GPU ច្រើនជាង M3 Ultra ដែលប្រើក្នុង Mac កម្រិតខ្ពស់ទៅទៀត។
សម្រាប់ផ្នែក Mac វិញ, Apple ក៏កំពុងរៀបចំដំណើរការចេញនូវស៊េរីថ្មីៗដូចជា M5, M6 និង M7 ដែលមានគម្រោងឈ្មោះថា Komodo និង Borneo ផងដែរ ហើយឈីប M5 ត្រូវបានរំពឹងថានឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០២៥ នេះ នៅក្នុង iPad Pro និង MacBook Pro ។ សរុបគឺ Apple កំពុងបង្ហាញពីចក្ខុវិស័យយូរអង្វែង និងការប្តេជ្ញាយ៉ាងខ្ជាប់ខ្ជួនក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដែលនឹងផ្ដល់បទពិសោធន៍ប្រើប្រាស់កាន់តែឆ្លាតវៃ និងមានអត្ថប្រយោជន៍ចំពោះអ្នកប្រើប្រាស់នៅជុំវិញពិភពលោករបស់ពួកគេ៕