បន្ទាប់ពីត្រូវបានសហរដ្ឋអាមេរិកកំណត់ច្បាប់ឈប់ឲប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ Windows របស់ក្រុមហ៊ុន Microsoft នៅដើមឆ្នាំនេះ ក្រុមហ៊ុន Huawei បានធ្វើបោះជំហានដ៏សំខាន់មួយរបស់ខ្លួនដោយបានដាក់បង្ហាញចេញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់កុំព្យូទ័ររបស់ខ្លួនឈ្មោះថា HarmonyOS 5 (HarmonyOS NEXT)។
ប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានរចនាឡើងដោយផ្អែកលើគំនិត “One as All, All as One” ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុំព្យូទ័រ ដោយផ្តោតលើបទពិសោធន៍របស់អ្នកប្រើប្រាស់ និងជាមួយឧបករណ៍ផ្សេងៗ។ វាមានការរចនាមុខងារផ្នែកខាងក្នុងល្អ និងស្រដៀងទៅនឹង macOS ដែរ។ HUAWEI បានអះអាងថា HarmonyOS 5 គឺអាចផ្តល់នូវបទពិសោធន៍ល្អៗជាច្រើនដោយ AI របស់ពួកគេឈ្មោះថា Xiaoyi ដែលអាចគាំទ្រការរួមបញ្ចូលគ្នាបានយ៉ាងរលូនជាមួយស្មាតហ្វូន Huawei ថេប្លេត និងកុំព្យូទ័រយួរដៃ ហើយអាចប្រើបានជាមួយឧបករណ៍ខាងក្រៅបានជាង 1,000 ក្នុងចំណោមឧបករណ៍ 20 ប្រភេទផ្សេងគ្នា។ លើសពីនេះ AI នេះ ក៏អាចបកប្រែកិច្ចការជាសំឡេង អត្ថបទ និងរូបភាពបានផងដែរ។
ចំពោះការផ្ទេរឯកសារវិញ វាប្រើប្រាស់នូវ HUAWEI Share ដែលអាចធ្វើបានយ៉ាងលឿនក្នុងល្បឿនដល់ទៅ 160MB/s ឯណ្ណោះ។ រីឯផ្នែកសុវត្ថិភាពក៏ត្រូវបានពង្រឹងផងដែរ ពោលគឺមានមុខងារ StarShield ដែលអាចរកឧបករណ៍បាន ទោះបីជាត្រូវបានបិទក៏ដោយ និងអាចលុបចោលទិន្នន័យពីចម្ងាយបានផងដែរ។ បន្ថែមពីនេះ ប្រព័ន្ធ HarmonyOS នេះ ក៏មានជម្រើសកម្មវិធីជាង 150 កម្មវិធីដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុំព្យូទ័រ រួមជាមួយនឹងជម្រើសកម្មវិធីសកលជាង 2,000 កម្មវិធីទៀតផង ដែលអាចឲការប្រើប្រាស់កាន់់តែមានភាពប្រសើរជាមួយកុំព្យូទ័រដែលពួកគេគ្រោងនឹងបញ្ចេញជាផ្លូវការនៅក្នុងថ្ងៃទី១៩ ខាងមុខនេះ៕