បន្ទាប់ពីបានប្រកាសចេញនូវស្មាតហ្វូនខ្នាតកំពូលរបស់ខ្លួនគឺ vivo X200 Ultra, ពេលនេះ ក្រុមហ៊ុន vivo ត្រូវបានគេអះអាងថា កំពុងត្រៀមនឹងប្រកាសនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតឈ្មោះថា vivo X Fold5 នៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ ទូរស័ព្ទនេះ ត្រូវបានគេរំពឹងថានឹងមានការកែលម្អយ៉ាងគួរឱ្យចាប់អារម្មណ៍ដែលខុសពីជំនាន់មុន ពោលគឺវានឹងផ្ដោតទៅលើបច្ចេកវិទ្យា អេក្រង់ ថ្ម និងកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ជាងមុន។
ទៅលើផ្នែកអេក្រង់ និងសមត្ថភាព វាអាចនឹងប្រើប្រាស់នូវអេក្រង់ AMOLED 2K+ 120Hz ទំហំ 8.03 អ៊ីញ នៅផ្នែកខាងក្នុង និងអេក្រង់ខាងក្រៅទំហំ 6.53 អ៊ីញ FHD+ 120Hz ដែលដំណើរការជាមួយឈីប Snapdragon 8 Gen 3 និងទទួលបាននូវជម្រើស RAM និង Storage តែមួយប៉ុណ្ណោះគឺ 16GB បូក 512GB ។
សម្រាប់ផ្នែកថាមពលវិញ អាចនឹងទទួលបាននូវថ្មធំដល់ 6000mAh និងគាំទ្រការសាកល្បឿនលឿនកម្លាំង 90W តាមខ្សែ និង 30W ឥតខ្សែ ដែលធ្វើឲ្យវាជាទូរស័ព្ទបត់បានដែលមានថ្មធំបំផុតមួយក្នុងទីផ្សារស្មាតហ្វូនបត់នាពេលសព្វថ្ងៃនេះ។
ចំណែកផ្នែកកាមេរ៉ាវិញ អាចនឹងទទួលបាននូវលេនគោល 50MP Sony IMX921, លេន Ultra-wide 50MP មានមុខងារ Autofocus និងលេន Telephoto 50MP IMX882 ដែលអាចថត Zoom បានចម្ងាយ 3x ។ ខណៈកាមេរ៉ាផ្នែកខាងមុខវិញ អាចនឹងមានទំហំ 32MP ប៉ុណ្ណោះ ប៉ុន្តែទៅលើការរចនា ទូរស័ព្ទនេះនឹងមានរាងស្តើងជាងជំនាន់មុន ដោយមានកម្រាស់ត្រឹម 4.3mm ប៉ុណ្ណោះ នៅពេលបើក និង 9.33mm ពេលបត់។
ចំពោះលក្ខណៈបន្ថែមផ្សេងទៀតរួមមានម៉ាសុីនស្កេនម្រាមដៃនៅផ្នែកចំហៀង, អាវការពារ IPX8 ដែលធន់ទឹក និងប៊ូតុង 3-stage Alert Slider នៅផ្នែកចំហៀងជាដើម។ គួរបញ្ជាក់ផងថា ស្មាតហ្វូនបត់ម៉ូឌែលថ្មីនេះត្រូវបានរំពឹងថានឹងប្រកាសចេញនៅក្នុងប្រទេសចិននៅក្នុងត្រីមាសទី 3 ក្នុងឆ្នាំ 2025 ខាងមុខនេះ ពោលគឺអាចនឹងធ្វើឡើងនៅមុនខែកញ្ញា៕