ដើម្បីឲការប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចដែលកំពុងតែមានការកើនឡើងខ្លាំងនៅក្នុងបច្ចុប្បន្ននេះឲកាន់តែមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ ហើយអាចឲអ្នកប្រើប្រាស់អាចភ្ជាប់ឧបករណ៍ជាច្រើនចូលគ្នាបានដោយគ្មានភាពស្កេកស្កាស់ដូចសំបុកកណ្តុល, ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយឈ្មោះថា Shenzhen 8K UHD Video Industry Cooperation Alliance ដែលត្រូវបង្កើតឡើងដោយក្រុមហ៊ុនចិនជាង 50 បានបង្កើត និងបង្ហាញចេញនូវស្តង់ដារខ្សែបញ្ជូនទិន្នន័យ និងថាមពលថ្មីមួយរបស់ខ្លួនឈ្មោះថា GPMI (General Purpose Media Interface) ដែលខ្សែនេះជាខ្សែបញ្ជូនទិន្នន័យ និងថាមពលខ្លាំងផុតគេ ដែលអាចជំនួសខ្សែចាស់ៗដូចជា Thunderbolt, HDMI, DisplayPort និង USB-C ។
ក្នុងនោះ ខ្សែ GPMI ត្រូវបានចែកចេញជា ២ប្រភេទ រួមមានប្រភេទ Type-C និង Type-B ។ សម្រាប់ខ្សែ GPMI ប្រភេទ Type-C គឺមានល្បឿនបញ្ជូនទិន្នន័យ 96 Gbps និងថាមពល 240 វ៉ាត់។ ចំណែកខ្សែ GPMI Type-B វិញ គឺមានសមត្ថភាពខ្លាំងជាងគេ ដោយមានល្បឿនដល់ទៅ 192 Gbps និងថាមពល 480 វ៉ាត់ ឯណ្ណោះ ដែលលើសពីស្តង់ដារខ្សែបច្ចុប្បន្នទាំងអស់តែម្តង។ គួរបញ្ជាក់ថា ខ្សែ GPMI ទាំង ២ប្រភេទនេះ គឺអាចប្រើប្រាស់បានសម្រាប់ monitor ដែលមានកម្រិត 8K, កុំព្យូទ័រលេងហ្គេម ឬក៏ laptop ធំៗ ដែលត្រូវការថាមពល និងទិន្នន័យច្រើននៅក្នុងពេលតែមួយ ប៉ុន្តែវាក៏ត្រូវការប្រភពអ៊ីនធឺណិត និងថាមពលខ្ពស់ដែលអាច Supply នឹងការប្រើប្រាស់នេះបានផងដែរ ។ លើសពីនេះទៅទៀត ខ្សែ GPMI ក៏គាំទ្រមុខងារ HDMI-CEC ដែលអាចអោយអ្នកប្រើ remote មួយបញ្ជាទៅកាន់ឧបករណ៍ច្រើនបានផងដែរ។
ជាមួយគ្នានេះ ប្រសិនបើស្តង់ដារខ្សែ GPMI នេះ ត្រូវបានគាំទ្រដោយក្រុមហ៊ុនអន្តរជាតិ និងត្រូវបានអនុវត្តយ៉ាងទូលំទូលាយក្នុងពេលឆាប់ៗខាងមុខនេះ នោះចិននឹងក្លាយជាប្រទេសទី ១ នៅលើលោកដែលមានខ្សែបញ្ជូនទិន្នន័យ និងថាមពលដែលមានសមត្ថភាពខ្លាំងជាងគេ៕