បន្ទាប់ពីបានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ខ្លួនដូចជាអ៊ីនធឺណិត 10G និងមន្ទីពេទ្យ AI ដំបូងគេនៅលើពិភពលោក ក្នុងពេលថ្មីៗនេះ ចិនបានប្រកាសថា ពួកគេកំពុងនឹងសាងសង់នូវគម្រោងស្ថានីយស្រូបយកថាមពលព្រះអាទិត្យមួយដែលមានមូលដ្ឋាននៅលើលំហឈ្មោះថា “Three Gorges Dam of space” ដែលស្ថានីយនេះនឹងមានចម្ងាយប្រមាណ ៣៦ ០០០ គីឡូម៉ែត្រ ពីផែនដីយើង ដើម្បីចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយបញ្ជូនវាត្រឡប់មកផែនដីវិញដោយប្រើប្រាស់នូវប្រព័ន្ធមីក្រូវ៉េវសម្រាប់ផលិតជាថាមពលអគ្គិសនី។
ចំពោះគោលបំណងចម្បងរបស់ចិនក្នុងការសាងសង់នូវស្ថានីយស្រូបយកថាមពលព្រះអាទិត្យនេះ គឺដើម្បីចាប់យកថាមពលពន្លឺព្រះអាទិត្យដោយគ្មានភាពរំខាន ព្រោះនៅលើលំហគឺគ្មានបរិយាកាស ឬអាកាសធាតុ ដូចនឹងផែនដីយើងឡើយ ដែលអាចឲ្យការចាប់យកថាមពលពន្លឺព្រះអាទិត្យមានប្រសិទ្ធភាពខ្ពស់ជាង។
ក្នុងនោះ ស្ថានីយ៍នេះ នឹងមានប្រវែងទទឹងប្រហែល ១ គីឡូម៉ែត្រ ដែលអាចផលិតអគ្គិសនីបានរហូតដល់ ១០០ ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ ចំណែកការបាញ់សាកល្បងវិញ អាចនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៨ ហើយចាប់ផ្តើមធ្វើប្រតិបត្តិការពាណិជ្ជកម្មជាផ្លូវការចាប់ពីឆ្នាំ ២០៣០ ដល់ ២០៥០។ ចុះបងប្អូនវិញយល់យ៉ាងណាដែលសម្រាប់បច្ចេកវិទ្យាថ្មីរបស់ចិនមួយនេះ កុំភ្លេចខមិននៅខាងក្រោម!