ដោយមិនចង់មានបញ្ហាដូចគ្នានឹងក្រុមហ៊ុន Huawei ដែលត្រូវបានអាមេរិកដកចេញពីសេវាកម្ម Google ទាំងស្រុង និងបានបាត់បង់សិទ្ធិក្នុងការចូលប្រើប្រាស់នូវកម្មវិធី Play Store ដែលជាចំណុចសំខាន់ក្នុងប្រព័ន្ធស្មាតហ្វូន Android ពេលនេះ ក្រុមហ៊ុនស្មាតហ្វូនធំៗជាច្រើនរបស់ចិនគឺកំពុងត្រូវបានគេរាយការណ៍ថាអាចនឹងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ដើម្បីឈប់ប្រើសេវាកម្ម Android របស់ Google ទៀតហើយ។

ក្នុងនោះ ក្រុមហ៊ុនស្មាតហ្វូនរបស់ចិនដូចជា Xiaomi, Oppo, vivo និង OnePlus គឺកំពុងស្វែងរកផែនការបម្រុងទុកថ្មីក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ដើម្បីចៀសវាងវិបត្តិដូចដែល Huawei បានជួបប្រទះកន្លងមក។

បើយោងតាមការរាយការណ៍បានឲដឹងថា HyperOS 3 របស់ Xiaomi អាចនឹងក្លាយជាជំហានដំបូងបន្ទាប់ពី HarmonyOS របស់ Huawei ក្នុងការចាកចេញពីសេវាកម្មរបស់ Google ដោយគ្មានការពឹងផ្អែកលើ Google Mobile Services ទៀតនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានភាពមិនច្បាស់លាស់ថាតើក្រុមហ៊ុនទាំងនេះនឹងសហការជាមួយក្រុមហ៊ុន Huawei ដែលឬអត់នោះទេ តែប្រសិនបើព័ត៌ទាំងនេះជាការពិតមែន នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារបច្ចេកវិទ្យាស្មាតហ្វូនទូទាំងពិភពលោក។ ចុះបងប្អូនវិញយល់យ៉ាងណាដែលចំពោះការចាកចេញពីបច្ចេកវិទ្យាអាមេរិករបស់ចិននេះ កុំភ្លេចខមិននៅខាងក្រោម!